បរទេស៖ ក្លិបយក្ស Manchester City បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារព័រទុយហ្គាល់ Ruben Dias ពីក្លិប Benfica ក្នុងតម្លៃខ្លួន៦៥លានផោន (ស្មើនឹង៦៤លានដុល្លារអាមេរិក) ស្របពេលដែលខ្សែការពារ អន្តរជាតិអាហ្សង់ទីន Nicolas Otamendi បានផ្ទេរទៅកាន់ក្លិប Benfica វិញក្នុងតម្លៃខ្លួន១៣,៧លានផោន។
Dias ក្លាយជាកីឡាករចំណូលថ្មីទី៣របស់លោក Pep Guardiola នៅរដូវក្តៅនេះ ក្រោយពីបាននាំយកខ្សែការពារ Nathan Ake និងខ្សែប្រយុទ្ធ Ferran Torres។ Dias ដែលបានចុះកុងត្រារយៈពេល៦ឆ្នាំ បានឲ្យដឹងថា៖ «ការមានឱកាសចូលរួមក្នុងក្លិបមួយដូចជា Manchester City គឺជាឱកាសដ៏អស្ចារ្យមួយ សម្រាប់ខ្ញុំ និងជាឱកាសមួយដែលខ្ញុំមិនអាចច្រានចោលបានឡើយ»។ ខ្សែការពាររូបនេះបានបន្ថែមទៀតថា៖ «ភាពជោគជ័យរបស់ពួកគេបង្ហាញឲ្យឃើញរួចជាស្រេច។ ពួកគេបានក្លាយជាក្រុមដ៏ខ្លាំងនៅក្នុងប្រទេសអង់គ្លេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការលេងកីឡាបាល់ទាត់បែបវាយសម្រុក ដែលខ្ញុំគិតថា ស័ក្តសមនឹងការប្រកួតផ្ទាល់របស់ខ្ញុំ។
វាពិតជារំភើបណាស់ក្នុងការក្លាយជាផ្នែកមួយនៃក្រុមប្រជុំដោយកីឡាករឆ្នើមៗ និងលេងឲ្យអ្នកចាត់ការទូទៅកម្រិតពិភពលោកដូចជាលោក Pep Guardiola ដែលមានកំណត់ត្រាដ៏អស្ចារ្យក្នុងការអភិវឌ្ឍកីឡាករវ៍័យក្មេងដូចជាខ្ញុំ»៕
ប្រភពេះព័ត៌មាន៖ Sky Sports


