បរទេស៖ ខ្សែ​ប្រយុទ្ធ​ Youssoufa Moukoko របស់​ក្លិប Borussia Dortmund ដែល​នឹង​ឈាន​ចូល​វ័យ​១៦​ឆ្នាំ​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​នោះ អាច​នឹង​បង្កើត​ប្រវត្តិ​សាស្ត្រ​ក្នុង​ក្រប​ខ័ណ្ឌ Champions League នៅ​ខែ​ក្រោយ តាម​រយៈ​ការក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ក្នុង​យុទ្ធ​នា​ការ​នេះ​។

លោក Michael Zorc ប្រធាន​ផ្នែក​កីឡា​​របស់​ក្លិប Dortmund បាន​ប្រាប់​កាសែត​ប្រចាំ​ថ្ងៃ Bild របស់​អាល្លឺ​ម៉ង់ថា៖ «យើង​នឹង​បញ្ចូល​ឈ្មោះ​រូប​គេ​ក្នុង​បញ្ជី​ B» សម្រាប់​វគ្គ​ចែក​ពូល​នៃក្រប​ខ័ណ្ឌ Champions League ខណៈដែលក្រុម Dortmund ស្ថិតក្នុង​ពូល F ជាមួយនឹងក្រុម Zenit Saint Petersburg, Brugge និង Lazio​។ Moukoko វ័យ​១៥​ឆ្នាំ ដែល​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​នៅក្នុង​កីឡា​បាល់​ទាត់​យុវ​ជន​អាល្លឺ​ម៉ង់​នោះ មិនមែន​ជា​កីឡាករ​ស្ថិត​ក្នុង​បញ្ជី A របស់​ក្លិប សម្រាប់​យុទ្ធ​នាការ Champions League ឡើយ​។

ប៉ុន្តែ ​ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​នឹង​ស្ថិតក្នុង​បញ្ជីក្រុម B ដោយ​ផ្អែក​ទៅ​តាម​បទបញ្ជារបស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​​អឺ​រ៉ុប មាន​ន័យ​ថា កីឡាករ​វ័យ​១៦​ឆ្នាំ អាច​ចូល​លេង​បាន ប្រសិន​បើ​​រូប​គេ​ស្ថិតក្នុងក្លិប​ក្នុង​រយៈ​ពេល​យ៉ាង​ហោច​ណាស់​២​ឆ្នាំ ហើយ Moukoko បាន​ចូលរួម​ជាមួយនឹងក្លិប Dortmund តាំង​ពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ​។ រូប​គេ​នឹង​មាន​វ័យ​១៦​ឆ្នាំ ៤​ថ្ងៃ នៅមុន​ពេល​ក្រុម Dortmund ធ្វើ​ជាម្ចាស់ផ្ទះ​ទទួល​ក្រុម Brugge ក្នុង​វគ្គ​ចែកពូល នា​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ដែលនៅ​ពេល​​នោះ​រូប​គេ​អាច​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Champions League៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia