បរទេស៖ លោក Gareth Southgate ជឿជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានបង្កើតឲ្យមានការចាប់អារម្មណ៍ទៅលើសមិទ្ធផលដែលពួកគេអាចសម្រេចបាន តាមរយៈការផ្តួលក្រុមជើងខ្លាំងបែលហ្ស៊ិក ក្នុងលទ្ធផល ២-១ ដើម្បីឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ១នៃពូលក្នុងយុទ្ធនាការ Nations League របស់ពួកគេ។
ក្រុមភ្ញៀវបែលហ្ស៊ិក បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ក្នុងនាមជាក្រុមមានចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក ក្រោយពីដណ្តើមបានជ័យជម្នះ១២លើកជាប់ៗគ្នា ក្នុងការប្រកួតជាផ្លូវការ។ ក្រោយពីគ្រាប់បាល់ប៉េណាល់ទីនៅដើមតង់របស់ខ្សែប្រយុទ្ធ Romelu Lukaku បានជួយឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិក មានគ្រាប់បាល់នាំមុខមុន ក្រុមម្ចាស់ផ្ទះអង់គ្លេស បានវាយបកវិញ តាមរយៈគ្រាប់បាល់ប៉េណាល់ទីរបស់ Marcus Rashford និងគ្រាប់បាល់ឈ្នះរបស់កីឡាករ Mason Mount នៅរយៈពេល២៥នាទីចុងក្រោយ។ ក្រុមមានរហស្សនាមថាតោកំណាចទាំង៣មួយនេះ បាននាំមុខ១ពិន្ទុលើក្រុមបែលហ្ស៊ិក នៅលើកំពូលតារានៃពូល A ក្រុម 2 ខណៈដែលនៅសល់៣ប្រកួតទៀត ក្នុងនោះរាប់បញ្ចូលទាំងការប្រកួត១លើកទៀតរវាងក្រុមទាំង២នៅទីក្រុង Brussels នៅខែក្រោយ។
អង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជាច្រើនក្នុងយុទ្ធនាការ Euro នៅឆ្នាំក្រោយ ខណៈដែលបែលហ្ស៊ិក គឺជាក្រុមមួយក្នុងចំណោមក្រុមខ្លាំងដែលពួកគេត្រូវជម្នះដើម្បីឈ្នះពានប្រចាំទ្វីបជាលើកទី១របស់ពួកគេ។ លោក Southgate បានឲ្យដឹងថា៖ «យើងមិនបានជួបការលំបាកខ្លាំងទៀតឡើយក្នុងតំបន់ការពារ។ នេះគឺជាការល្បងសមត្ថភាពដ៏អស្ចារ្យមួយ ដែលយើងត្រូវការ។ យុទ្ធនាការ Nations League គឺជាឱកាសដ៏ល្អដោយសារតែយើងជួបគូប្រកួតខ្លាំងៗជាច្រើន»៕
ប្រភពព័ត៌មាន៖ Channel News Asia