បរទេស៖ កីឡាការិនី យ៉ុន យ៉ើន ​របស់​ក្រុម​មន្ទីរអយក​ខេត្តកំពង់ស្ពឺ​ណាហ្គាវើល បាន​នឹងកំពុង​តែ​បង្កើតឲ្យមាន​ការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង ទៅ​លើ​​ការ​បង្ហាញ​ទម្រង់លេង​របស់​នាង នៅ​ក្នុងការ​ប្រកួត​​លីគ​នារី​ ឬ​ការ​ប្រកួត​ជើង​ឯក​បាល់​ទាត់​នារី ឆ្នាំ​២០២០ បន្ទាប់​ពី​ប្រធាន​​ពាក់លេខ​៩​រូបនេះ បាន​បន្ថែម​ការ​រក​បាន​១០​គ្រាប់តែ​ម្នាក់​ឯង នៅ​ក្នុងការ​ប្រកួត​ត្រឹម១​លើក​នោះ។

 

 

សម្រាប់ការ​ប្រកួត កាល​ពី​ថ្ងៃអាទិត្យ ម្សិល​មិញ​នេះ ក្រុមនារី​ណាហ្គាវើល បាន​បង្ហាញ​ការ​ប្រកួតកាន់តែ​ល្អ ដើម្បី​រួមគ្នា​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​មន្ទីរ​អយកខេត្តកំពង់​ធំ រហូត​ដល់ ១៦-០ ហើយ​ជាមួយ​គ្នា​នេះ ខ្សែ​ប្រយុទ្ធ យ៉ុន យ៉ើន រក​បាន​១០​គ្រាប់តែ​ម្នាក់​ឯង បន្ថែម​ទៅ​លើ​ការ​រក​បាន​១៤​គ្រាប់ សម្រាប់​ការ​ប្រកួត​៣​លើក កន្លងមកនេះ គឺ​មាន​ន័យ​ថា ត្រឹម​៤​ប្រកួត​ប៉ុណ្ណោះ យ៉ុន យ៉ើន រក​បាន​គ្រាប់បាល់​សរុប​របស់​ដល់​២៤​គ្រាប់។

ជាមួយ​ការ​លត់​​ក្រុម​ម្ចាស់ផ្ទះ ខេត្តកំពង់ធំ យ៉ាង​ចាស់​ដៃ សម្រាប់​ការ​ប្រកួត​លើក​ទី​៤​នេះ បាន​ជួយ​ឲ្យក្រុមនារីណាហ្គាវើល បន្តឈរ​នៅ​លើកំពូល​តារា​នៃ​លីក​នារី ជា​បណ្តោះ​អាសន្ន ដោយ​មាន​១២​ពិន្ទុ​ពេញ ជាមួយ​ការ​ឈ្នះ​ទាំង​៤​ប្រកួត និងកំពុងក្លាយ​ជា​ក្រុម ដែល​មាន​ភាព​លេចធ្លោរខ្លាំង ព្រម​ទាំង​មាន​ភាគ​រយខ្ពស់ជាង​គេ ក្នុងការ​ឆ្ពោះ​ទៅរក​ការ​ឈ្នះ​តំណែង​ជើង​ឯក។

យ៉ាង​ណាមិញ ក្រុម​នារីភ្នំពេញ​ក្រោន បាន​លត់​ក្រុមនារី​របស់​​សមាគមកីឡា​បាល់​ទាត់​កងយោធពល​ខេមរភូមិន្ទ ១០-០ ដើម្បី​ហក់ពី​លេខ​៥ ឡើងមក​ឈរនៅតំបន់​កំពូល​តារាងទាំង​៤ (Top4) ដោយមាន​៨ពិន្ទុ ស្មើ​ជាមួយក្រុមមន្ទីរ​អយក​ខេត្ត​សៀម​រាប ដែល​បាន​ស្មើគ្នា ២-២ ជាមួយក្រុម​មន្ទរអយកខេត្ត​បាត់​ដំបង។

ចំណែក​ក្រុម​មន្ទីរ​អយកខេត្ត​ស្វាយរៀង បាន​លត់​ក្រុម​មន្ទីរ​អយក​ខេត្ត​កណ្តាល ៧-០ ដើម្បី​មាន​៧ពិន្ទុ​ស្មើ​ជាមួយក្រុមនារី​ខេត្តបាត់ដំបង រីឯ​​ក្រុម​នារី​បឹងកេត បាន​ទទួល​១ពិន្ទុ​ ជា​លើក​ដំបូង បន្ទាប់​ពី​ពួក​គេ បានស្មើ ១-១ ជាមួយក្រុម​​មន្ទីរអយក​ខេត្តកំពង់​ឆ្នាំង នៅ​លើ​ទឹក​ដី​ខ្លួន​ឯង កាល​ពី​ថ្ងៃអាទិត្យនោះ​ដែរ៕