បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានខិតកាន់តែកៀកទៅកាន់កំណត់ត្រានៃការរកបានគ្រាប់បាល់អន្តរជាតិច្រើនជាងគេគ្រប់ពេលទាំងអស់ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកទ្វីបអឺរ៉ុប ព័រទុយហ្គាល់ បានផ្តួលក្រុមជម្រើសជាតិអង់ដូរ៉ា ក្នុងលទ្ធផល ៧-០ ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃពុធ។
តារាឆ្នើមរបស់ក្លិប Juventus រូបនេះ បានចូលលេងក្នុងនាមជាកីឡាករបម្រុងដើម្បីរកគ្រាប់បាល់ទី១០២របស់គេ សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅនាទី ទី៨៥។ អតីតខ្សែប្រយុទ្ធអន្តរជាតិអ៊ីរ៉ង់ កំពុងតែគ្រប់គ្រងកំណត់ត្រាក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ តាមរយៈការរកបាន១០៩គ្រាប់។ ព័រទុយហ្គាល់ ដែលបន្តការត្រៀមរបស់ខ្លួនសម្រាប់ការការពារពានទ្វីបអឺរ៉ុប នៅឆ្នាំក្រោយ ហើយក៏ត្រូវប៉ះក្រុមជម្រើសជាតិបារាំងក្នុងយុទ្ធនាការ Nations League នាថ្ងៃសៅរ៍ដែរនោះ បានយកឈ្នះលើក្រុមជម្រើសជាតិអង់ដូរ៉ា ដោយងាយ។ ខ្សែបម្រើស្លាប Pedro Neto របស់ក្លិប Wolves បានជួយឲ្យពួកគេរកបានគ្រាប់បាល់នាំមុខមុន នៅមុនពេល Paulinho បានស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅចន្លោះគ្រាប់បាល់របស់កីឡាករ Renato Sanches។
Emili Garcia បានធ្វើឲ្យបាល់ចូលទីខ្លួនឯង ខណៈដែលនៅសល់១៤នាទីចុងក្រោយ។ Ronaldo ត្រូវបានដាក់ឲ្យលេងនៅតង់ទី២ ប៉ុន្តែ ត្រូវតែចំណាយពេលរហូតដល់រយៈពេល៥នាទីចុងក្រោយ ដើម្បីស៊ុតបាល់បំប៉ោងសំណាញ់ទី នៅមុនពេលខ្សែប្រយុទ្ធ Joao Felix របស់ក្លិប Atletico Madrid បានបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួន៕
ប្រភពព័ត៌មាន៖ Channel News Asia