បរទេស៖ ការរង់ចាំដើម្បីទទួលបានជ័យជម្នះជាលើកទី១របស់លោក Frank de Boer ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង នៅតែបន្ត ក្រោយពីក្រុមរបស់លោកបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួតមិត្តភាពនៅទីក្រុង Amsterdam កាលពីថ្ងៃពុធ។
បច្ចុប្បន្ន លោក De Boer មិនស្គាល់ឈ្នះសោះពីការប្រកួត៤លើក បើគិតចាប់តាំងពីត្រូវបានតែងតាំងជាគ្រូបង្វឹកកាលពីខែកញ្ញា ដើម្បីជំនួសកន្លែងរបស់លោក Ronald Koeman ដែលបានចេញទៅដឹកនាំក្លិប Barcelona។ ប៉ុន្តែ គ្រាប់បាល់តាមស្មើរបស់កីឡាករ Donny van de Beek បន្ទាប់ពីតង់ទី១ យ៉ាងហោចណាស់ក៏បានធ្វើឲ្យក្រុមជម្រើសជាតិហូឡង់ គេចផុតពីការរងបរាជ័យ នៅកីឡដ្ឋាន Johan Cruyff Arena ផងដែរ ក្រោយពីក្រុមជម្រើសជាតិអេស្ប៉ាញ បានរកគ្រាប់បាល់នាំមុខមុនតាមរយៈកីឡាករ Sergio Canales។ លទ្ធផលស្មើនេះ ប្រហែលជាលទ្ធផលគួរជាទីគាប់ចិត្តសម្រាប់ក្រុមជម្រើសជាតិទាំង២ ដែលបានព្យាយាមគ្រប់គ្រងឲ្យបានច្រើនដូចគ្នា ប៉ុន្តែ បានបង្ហាញពីការខ្វះនូវភាពមុតស្រួចក្នុងរយៈពេល១៥នាទីចុងក្រោយ។
ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Michy Batshuayi បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងតង់ទី២ ខណៈដែលក្រុមជម្រើសជាតិបែលហ្ស៊ិក បានវាយបកតាមពីក្រោយដើម្បីផ្តួលក្រុមជម្រើសជាតិស្វ៊ីស ២-១ ខណៈដែលនេះគឺជាលទ្ធផលដ៏គួរឲ្យជឿជាក់មួយ នៅមុនពេលការប្រកួតជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស នៅថ្ងៃអាទិត្យ ក្នុងយុទ្ធនាការ Nations League៕
ប្រភពព័ត៌មាន៖ Channel News Asia