បរទេស៖ ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ីតាលី ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-០ លើ​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ កាលពីថ្ងៃ​អាទិត្យ ដើម្បីខិតកាន់​តែកៀក​ឆ្ពោះ​ទៅកាន់​ជុំ​ផ្តាច់​ព្រ័ត្រ​នៃ​យុទ្ធនាការ UEFA Nations League​ បើ​ទោះ​បី​អវត្តមានកីឡាករ​ជាច្រើន និង​លោក​គ្រូបង្វឹក Roberto Mancini ក៏ដោយ​។

ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី បាន​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​នៃ​ពូល A1 លើ​ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ ដែល​បានផ្តួលក្រុម​ជម្រើស​ជាតិ​បូ​ស្នី ៣-១ ក្នុង​ការ​ប្រកួត​១​គូមុន នា​ថ្ងៃ​ដដែលនោះ តាម​រយៈ​កា​រផ្តួលក្រុម​ខ្លាំង​ប៉ូឡូញ ក្នុង​ទីក្រុង Reggio Emilia​​។ ក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី នឹង​ឈ្នះ​កៅអី​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​ជុំផ្តាច់​ព្រ័ត្រនៅ​ខែ​តុលា ឆ្នាំក្រោយ តាមរយៈការយកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​បូស្នី ក្នុង​ទីក្រុង Sarajevo នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​​។ លោក​ Alberico Evani ដែល​ជា​គ្រូបង្វឹក​ជំនួយ បាន​ដឹកនាំក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ម្ត​ទៀត ខណៈ​ដែល​លោក Mancini ត្រូវ​តែ​ទស្ស​នាការ​ប្រកួត​ពី​ផ្ទះ​របស់​លោក ក្រោយពី​បាន​ឆ្លង​វីរុស​កូរ៉ូ​ណា​។

សមា​ជិក​ក្រុម​របស់អ៊ី​តាលី​សម្រាប់​ការ​ប្រកួត​អន្តរ​ជាតិចំនួន​៤១​នាក់ ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​២៨នាក់ ដោយ​សារ​តែ​របួស និង​ការ​ឆ្លង​វីរុសកូរ៉ូ​ណា​។ សរុបមក កីឡាករ​ចំនួន​២០​នាក់​ដែល​អាច​ស្ថិតក្នុង​ជម្រើស​ដាក់​ឲ្យ​ចូលលេង សុទ្ធ​សឹង​មិន​អាច​ចូលលេងបាន​៕

ប្រភព​ព័ត៌​មាន៖ BBC