បរទេស៖ គ្រូបារាំងក្រើនរំលឹក Giroud ដែលមិនសូវបានចូលលេងអោយក្លឹប Chelsea លោក Didier Deschamps បានក្រើនរំលឹកដល់កូនក្រុមគឺខ្សែប្រយុទ្ធ Olivier Giroud ត្រូវតែបង្កើន ឪកាសដើម្បីចូលលេងអោយបានច្រើនជាមួយក្លឹប គោលបំណងជាប់ជម្រើស១១នាក់ដំបូងសម្រាប់ ក្រុមជម្រើសជាតិមាន់គកបារាំង។ គួរបញ្ជាក់ថារដូវកាលថ្មី២០២០-២០២១នេះ រូបគេចូលលេងជម្រើសដំបូងសម្រាប់ក្លឹបតោខៀវ Chelsea បានតែ១ប្រកួតនិង ៥ លើកក្នុងនាមកីឡាករបម្រុងក្រោម ការដឹកនាំរបស់គ្រូបង្វឹក Frank Lampard គិតចាប់តាំងពីដើមខែកញ្ញា។

ទោះបីជាកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានចូលរួមការប្រកួតមិត្តភាពពេលបារាំងប៉ះ អ៊ុយក្រែនប៉ុន្តែអតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal បានបាត់បង់តំណែងជម្រើសដំបូងទៅកីឡាករ Anthony Martial សម្រាប់ការប្រកួត UEFA Nations League កាលពីថ្ងៃសៅរ៍ជាមួយព័រទុយហ្កាល់។

Giroud នៅមានសុពលភាពកិច្ចសន្យាមិនដល់មួយឆ្នាំទៀតទេជាមួយក្លឹបនៅកីឡាដ្ឋាន Stamford Bridge ខណៈក្រុមមិនបានមានបំណងត្រៀមបំណងបន្តកិច្ចសន្យាថ្មីដល់រូបគេមុនពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា២០២១៕
ប្រភពព័ត៍មាន៖ Sportsmole
