បរទេស៖ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​រង​​ពិន័យ​កាតក្រហម​ជាលើក​ដំបូង​ក្នុង​ពេល​លេង​ឲ្យក្លិប Barcelona ខណៈ​ដែលក្រុម Athletic Bilbao បាន​ធ្វើ​ឲ្យ​ក្រុមមានមូលដ្ឋាននៅ​ Catalonia ស្រឡាំង​កាំង ដើម្បី​ឈ្នះពាន Super Cup របស់​អេ​ស្ប៉ាញ កាល​ពីថ្ងៃ​អាទិត្យ ក្រោយពី​បាន​យកឈ្នះ​ក្នុងលទ្ធ​ផល ៣-២ នៅនាទី​បន្ថែម​១៥​នាទី​២​ដង​។

នៅមុន​​ពេល​ក្រុម Bilbao ដណ្តើម​បាន​ជ័យ​ជម្នះ Messi បាន​វាយ​ទៅ​លើ​កីឡាករ Asier Villalibre ដែល​​ជា​អ្នក​រក​បាន​គ្រាប់បាល់​តាម​ស្មើ​នៅនាទី ទី​៩០ នៃ​ម៉ោង​ធម្ម​តា ដើម្បី​រា​រាំងមិន​ឲ្យ​ក្រុម Barca ដណ្តើម​បា​ជ័យ​ជម្នះ​​។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ Antoine Griezmann ទំនង​ដូច​ជា​បំពេញ​ជ័យ​ជម្នះ​សម្រាប់​ក្រុម​ខ្លួន​ទៅ​ហើយ ប៉ុន្តែ Villalibre បាន​វាយ​បក​វិញ នៅ​មុន​ពេល​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​របស់ Inaki Williams នៅនាទី​ទី​៣​នៃ​នាទី​បន្ថែម​១៥​នាទី​២ដង បាន​កាត់សេចក្តីក្នុងការ​ប្រកួត​តែម្តង​។ Messi បាន​ជម្នះ​លើ​បញ្ហា​ភ្លៅ​របស់​គេ ដើម្បី​ចូលលេងក្នុង​ជម្រើស​ដំបូងក្នុង​ទីក្រុង Seville និង​​ត្រូវ​តម្រូវ​​​ឲ្យ​លេង​រហូត​ដល់​ទៅ​១២០​នាទី ខណៈ​ដែល​ក្រុម Barcelona បាន​ព្យា​យាម​រក​គ្រាប់បាល់តាម​ស្មើ​ដើម្បី​បង្ខំ​ឲ្យ​ការ​ប្រកួត​ឈានដ​ល់​ការ​ស៊ុត​បាល់ប៉េ​ណាល់ទី​កាត់​សេចក្តី​។

នេះ​គឺ​ជាលើក​ទី​១​ហើយ​ដែល Messi បាន​រង​ពិន័យ​កាត​ក្រហម ក្នុង​ការ​បង្ហាញខ្លួន​៧៥៣លើក​សម្រាប់​ក្លិប Barcelona ខណៈ​ដែល​រូប​គេ​បាន​រង​ពិន័យ​កាត​ក្រហម​២លើក​ក្នុង​ពេលលេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់ទីន ពោល​គឺ ក្នុង​ឆ្នាំ​២០០៥ និង​២០១៩​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia