បរទេស៖ លោក Pep Guardiola បាន​ជំ​រុញ​​ឲ្យ Phil Foden រក្សា​ការ​ផ្តោត​​អារម្មណ៍​លើ​ទម្រង់​លេង​របស់​គេ​លើ​ទីលាន​ប្រកួត ស្រប​ពេល​ដែល​មានការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ទៅលើ​ខ្សែ​បម្រើ​ដ៏ឆ្នើម​ទើប​តែ​រះ​របស់​ក្លិប Manchester City រូបនេះ​។

Foden គឺ​ជា​សមាជិកម្នាក់​ក្នុង​ចំណោម​សមា​ជិក​ដ៏សំខាន់​​របស់​ក្រុម Man City ក្នុង​ពេល​ពួកគេ​ឡើង​​ឈរ​លើ​កំពូល​តា​រាង​នៃក្រប​ខ័ណ្ឌ Premier League​។ ខ្សែ​បម្រើ​វ័យ​២០​ឆ្នាំ​រូបនេះ បាន​បង្ហាញ​ពី​កម្រិត​សមត្ថភាព​របស់​គេ ជាមួយនឹង​ទម្រង់​លេង​ដ៏គួរ​ឲ្យ​ទាក់​ទាញ ក្នុង​​ពេល​ក្រុម Man City ផ្តួលក្រុម Liverpool ក្នុងលទ្ធ​ផល ៤-១​។ អំឡុង​ពេល​នៃការ​ដណ្តើម​បាន​ជ័យ​ជម្នះ​១៤លើក​ជាប់​ៗ​គ្នា​របស់​ក្រុម Man City ក្នុង​រាល់​យុទ្ធនាការ​ទាំ​អស់ Foden បាន​ស៊ុត​បាល់​បញ្ចូល​ទី​៦​គ្រាប់ និង​​ជួយ​​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​៣​គ្រាប់​ក្នុង​​ចំណោម​ការ​ចូលលេង​ក្នុង​ជម្រើស​ដំបូង​១០​លើក​ចុងក្រោយ​របស់ពួកគេ​។ របៀ​ប​ដែល​រូប​គេ​ទម្លុះ​តំបន់ការ​ពារ​របស់​ក្រុម Liverpool នៅ​ជិត​បញ្ចប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Anfield បាន​​ទទួល​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​អ្នក​ពិធីករ​ ខណៈ​ដែល​រូប​គេ​បាន​បង្ហាញពី​សក្តានុ​ពល​ដ៏​គួរ​ឲ្យកត់សម្គាល់​។

ប៉ុន្តែ លោក Guardiola អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Man City ជឿជាក់​ថា Foden នៅ​តែមាន​ចំណុច​ជាច្រើន​ដើម្បី​​ធ្វើ​ឲ្យ​ល្អ​ប្រសើរ និង​បាន​ប្រាប់​ឲ្យ​រូប​គេ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​។ លោក Guardiola បាន​និយាយ​កាលពីថ្ងៃ​អង្គារ​ថា៖ «វា​នឹង​​មានការ​ប្រែ​ប្រួល​​សម្រាប់​រូប​គេ​។ រូប​គេ​ត្រូវ​តែ​មានអារម្មណ៍​ស្ងប់ និង​យល់​ច្បាស់​ពី​ដំណាក់​កាល​ដ៏​លំបាក​ដែលនឹង​មក​ដល់»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia