បរទេស៖ ការបង្ហាញពីទម្រង់លេងដ៏ល្អអស្ចារ្យរបស់ខ្សែប្រយុទ្ធ Erling Braut Haaland ក្នុងពេលក្រុម Borussia Dortmund ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-២ លើក្រុម Sevilla ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ត្រូវបានលើកទឹកចិត្ត ដោយសារតែទិដ្ឋភាពដែលរូបគេបានឃើញរយៈពេល១យប់មុននេះ។
ក្រោយពីបានស៊ុតបាល់បញ្ចូលទី២គ្រាប់ និងបានជួយឲ្យមិត្តរួមក្រុមរកបាន១គ្រាប់ទៀតក្នុងការប្រកួតជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយ នៅប្រទេសអេស្ប៉ាញ Haaland បានឲ្យដឹងថា៖ «ខ្ញុំស្រឡាញ់ក្របខ័ណ្ឌ Champions League ហើយនៅពេលដែលខ្ញុំបានឃើញ Mbappe ស៊ុតបាល់បញ្ចូលទី៣គ្រាប់កាលពីថ្ងៃម្សិលមិញ ខ្ញុំបានទទួលការលើកទឹកចិត្តដ៏ធំមួយ ហេតុនេះ សូមអរគុណដល់រូបគេ។ នេះគឺជារាត្រីដ៏ពិសេសមួយ»។ កាលពីថ្ងៃអង្គារ គ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់របស់ Kylian Mbappe បានជួយឲ្យក្រុម Paris Saint-Germain បានជំហានពីលើ Lionel Messi និង Barcelona ក្នុងពេលយកឈ្នះក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋាន Camp Nou។
ការប្រកួតក្នុងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុបនៅសប្តាហ៍នេះ បានបង្ហាញថា សម្រាប់ Mbappe និង Haaland ដែលសុទ្ធសឹងជាតារាឆ្នើមវ័យក្មេងទើបតែរះក្នុងកីឡាបាល់ទាត់ នេះគឺជាដំណាក់កាល ឬជាជំនាន់របស់ពួកគេហើយ។ ជាមួយគ្នានេះ ទាំងខ្សែប្រយុទ្ធ Messi ឬ Cristiano Ronaldo សុទ្ធសឹងមិនអាចជួយដល់ក្រុមខ្លួនដូចគ្នា ខណៈដែលក្រុម Juventus បានរងបរាជ័យ ២-១ ក្រោមស្នាដៃក្រុម Porto ក្នុងប្រទេសព័រទុយហ្គាល់៕
ប្រភពព័ត៌មាន៖ Channel News Asia