បរទេស៖ ខ្សែប្រយុទ្ធ Romelu Lukaku បានស៊ុតបាល់បំប៉ោងសំណាញ់ទី ក្រោយពីលេងបានត្រឹមតែ៣៣វិនាទី និងជួយឲ្យមិត្តរួមក្រុមរកបាន១គ្រាប់ទៀត ក្នុងពេលក្រុម Inter Milan ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុម Genoa កាលពីថ្ងៃអាទិត្យ ដើម្បីរក្សាធ្វើឲ្យពួកគេស្ថិតលើផ្លូវឆ្ពោះទៅកាន់ការលើកពាន និងរក្សាការនាំមុខលើក្រុម AC Milan ដែលបានផ្តួលក្រុម Roma ក្នុងលទ្ធផល ២-១។
ក្រុម Inter នៅតែនាំមុខ៤ពិន្ទុលើក្រុមឈរលេខ២ AC Milan ដែលបានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ នៅក្នុងទីក្រុងរ៉ូម ក្រោយពីការរងបរាជ័យ២លើកជាប់ៗគ្នាក្នុងការប្រកួតលីក ក្នុងនោះរាប់បញ្ចូលទាំងការរងបរាជ័យក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយ កាលពីចុងសប្តាហ៍មុនផងដែរ។ ក្រុមម្ចាស់ការពារតំណែងជើងឯក Juventus ដេញតាមពីក្រោយ៦ពិន្ទុបន្ថែមទៀត ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Hellas Verona កាលពីថ្ងៃសៅរ៍ ប៉ុន្តែ នៅសល់ការប្រកួតក្នុងដៃ១លើកទៀត។
ក្រុម Atalanta ដែលមានពិន្ទុស្មើជាមួយនឹងក្រុម Juventus កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ដោយនាំមុខ២ពិន្ទុលើក្រុម Roma ដែលបានធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៥ បន្ទាប់ពីចាញ់ក្រុម AC Milan។ ស្របពេលដែល Inter ព្យាយាមរារាំងមិនឲ្យក្រុម Juventus ឈ្នះពានលីកជាលើកទី១០ជាប់ៗគ្នា បន្ទប់ពីបានត្រឹមជើងឯងរងកាលពីរដូវកាលមុន Lukaku បានឲ្យដឹងថា៖ «យើងកំពុងតែឈរលេខ១ ហើយយើងពិតជារីករាយណាស់»៕
ប្រភពព័ត៌មាន៖ Channel News Asia