បរទេស៖ Oscar អតីតកីឡាករក្រុមតោខៀវ Chelsea បានបង្ហាញពីបំណងប្រាថ្នាចង់វិលត្រឡប់មកកាន់ទឹកដី Stamford Bridge វិញក្រោយចាកចេញ ៤ ឆ្នាំជាមួយនិងតម្លៃខ្លួនផ្ទេរនូវទឹកប្រាក់ប្រមាណ ៦០ លានផោន ដើម្បីទៅកើបលុយនៅក្លិបនៅលីកកំពូលចិនគឺ Shanghai SIPG។

ខ្សែបម្រើស្លាបក្រុមជម្រើសជាតិប្រេស៊ីលរូបនេះធ្លាប់បានបង្ហាញខ្លួនចូលលេងអោយ Chelseaចន្លោះឆ្នាំ២០១២-២០១៧ មុនពេលទៅប្រកបអាជីពនៅក្លឹបនាទ្វីបអាស៊ីដោយបង្ហាញខ្លួនចំនួន ២០៣ ប្រកួតនិងជួយក្លឹបឈ្នះពាន Premier League ពីរដងនិងពានរង្វាន់ Europa League ១ដង។ យ៉ាងណាមិញការផ្សងព្រេងទៅទ្វីបទី៣ក្នុងអាជីពនៅឆ្នាំ២០១៧អូស្ការក៏ទទួលបានជោគជ័យស្រដៀងគ្នានេះដែរនៅក្នុងប្រទេសចិនប៉ុន្តែបច្ចុប្បន្នឈានចូលវ័យ ២៩ ឆ្នាំOscarមានក្តីស្រម៉ៃចង់វិលត្រលប់មកលេងនៅអតីតក្លឹបដែលមាន មូលដ្ឋាន នៅភាគខាងលិចទីក្រុងឡុងសាជាថ្មីឡើងវិញ។

Oscar បានប្រាប់គេហទំព័រ TalkSport យ៉ាងដូច្នេះថា៖ «ខ្ញុំគិតអំពីការបញ្ចប់អាជីពនៅ Chelsea ព្រោះខ្ញុំមានពេលវេលាល្អៗ នៅទីនោះច្រើន ។ ក្លឹបបានជួយខ្ញុំក្នុងការអភិវឌ្ឍសមត្ថភាព ពិសេសបានបំពេញក្តីសុបិនចង់លេងនៅ Champions League ហើយពួកគេបានជួយខ្ញុំអោយលេងនៅ World Cup និងឈ្នះពាន Premier League ផងដែរ»៕
ប្រភពព័ត៍មាន៖ Goal
