បរទេស៖ បើយោងតាមលោក Vincenzo Morabito (ភ្នាក់ងារកីឡាករសញ្ជាតិអុីតាលី) បានអោយដឹងថាក្រុម Manchester City ចង់ចុះហត្ថលេខាលើខ្សែបម្រើ Adrien Rabiot របស់ក្រុមសេះបង្កង់ Juventus នាពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានក្លាយជាកីឡាករសំខាន់សម្រាប់ Juventus នៅរដូវកាល ២០២០-២១ នេះដោយស៊ុតបញ្ចូលទីបាន ១ដង និងផ្តល់ជំនួយ ២ដងក្នុងការបង្ហាញខ្លួនចំនួន ៣១ដង។ កីឡាករសញ្ជាតិបារាំងរូបនេះធ្លាប់មានពាក្យចរចាមរាមជាខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League ខណៈដែល Arsenal, Manchester United និង Everton សុទ្ធតែធ្លាប់ចាប់អារម្មណ៍លើរូបគេ។
បើយោងតាមលោក Morabito បានអោយដឹងថាគ្រូបង្វឹក Man City លោក Pep Guardiola ចង់នាំយកខ្សែបម្រើរូបនេះទៅកាន់កីឡដ្ឋាន Etihad ប៉ុន្តែការផ្លាស់ប្តូរនេះទំនងជាមិនអាចកើតឡើងទេក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ លោក Vincenzo Morabito បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Tuttosport ថា «គាត់ (Rabiot) គឺជាគោលដៅផ្ទេររបស់ក្រុម Manchester City ប៉ុន្តែគាត់នឹងមិនចាកចេញពី Juventus ទេ»៕
ប្រភពព័ត៍មាន៖ Sportsmole