បរទេស៖ ខ្សែប្រយុទ្ធកំពុងឡើងទម្រង់លេង Erling Braut Haaland របស់ក្លិប Borussia Dortmund នឹងអាចចូលលេងបានក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៥ក្រុមចុងក្រោយ ជើងទី២ នៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Sevilla នៅរាត្រីនេះ។
នេះបើយោងទៅតាមការបញ្ជាក់របស់លោកគ្រូបង្វឹក Edin Terzic កាលពីថ្ងៃចន្ទ។ Haaland វ័យ២០ឆ្នាំ ដែលបានស៊ុតបាល់បញ្ចូលទី២៩គ្រាប់ ក្នុងចំណោមការប្រកួត២៨លើកនៅរដូវកាលនេះ បានស្ថិតក្នុងភាពមិនច្បាស់ ក្រោយពីបានចាកចេញពីទីលានប្រកួតនៅនាទី ទី៦០ ក្នុងពេលក្រុមខ្លួនចាញ់ក្រុម Bayern Munich ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសៅរ៍។ ខណៈដែលក្រុមខ្លួនកំពុងតែនាំមុខ ៣-២ ពីការប្រកួតជើងទី១ ក្នុងប្រទេសអេស្ប៉ាញ លោក Terzic បានឲ្យដឹងថា៖ «Erling កំពុងតែធ្វើបានយ៉ាងល្អ។ រូបគេបានចូលរួមការហ្វឹកហាត់នៅព្រឹកនេះ ហើយយើងគិតថា រូបគេនឹងចូលលេងបាននៅថ្ងៃស្អែកនេះ»។ Dortmund នឹងអវត្តមានខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Jadon Sancho ក្រោយពីរូបគេបានរងរបួសសាច់ដុំ ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Borussia Moenchengladbach ក្នុងការប្រកួតពាន German Cup វគ្គ៨ក្រុមចុងក្រោយ កាលពីថ្ងៃអង្គារ។
លោក Terzic បានឲ្យដឹងថា៖ «Jadon នឹងមិនស្ថិតនៅជាមួយយើងក្នុងរយៈពេលជាច្រើនសប្តាហ៍ទៀត»។ ជាមួយគ្នានេះ ខ្សែការពារព័រទុយហ្គាល់ Raphael Guerreiro និងខ្សែបម្រើ Giovanni Reyna នៅតែស្ថិតក្នុងភាពមិនច្បាស់៕
ប្រភពព័ត៌មាន៖ Channel News Asia