បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ បានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ៤-២ ក្រោមស្នាដៃក្រុមជម្រើសជាតិតួកគី ក្នុងការប្រកួតជម្រុះបើកឆាកនៃយុទ្ធនាការ World Cup ឆ្នាំ២០២២ កាលពីថ្ងៃពុធ ស្របពេលដែលក្រុមម្ចាស់ការពារតំណែងជើងឯក បារាំង បានបញ្ចប់ក្នុងលទ្ធផលស្មើជាមួយនឹងក្រុមជម្រើសជាតិអ៊ុយក្រែន បើទោះបីខ្សែប្រយុទ្ធ Antoine Griezmann បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អក៏ដោយ។ ជាមួយគ្នានេះ ក្រុមជម្រើសជាតិបែលហ្ស៊ិក បានវាយបកតាមពីក្រោយដើម្បីផ្តួលក្រុម Wales ក្នុងលទ្ធផល ៣-១។
ក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុប ព័រទុយហ្គាល់ បានយកឈ្នះលើក្រុមជម្រើសជាតិអាសែបៃហ្សង់ ទាំងត្រដាបត្រដួសក្នុងលទ្ធផល ១-០ ប៉ុន្តែ ក្រុមម្ចាស់ជើងឯករង World Cup ឆ្នាំ២០១៨ ក្រូអាស៊ី បានរងបរាជ័យក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុមស្លូវ៉េនី ខណៈដែលពួកគេបានចាប់ផ្តើមប្រជែងយកកៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រ ក្នុងប្រទេសកាតា។ នៅទីក្រុង Istanbul ឯនោះវិញ តួកគី បាននាំយក ៣-០ ភ្លាមៗ បន្ទាប់ពីលេងបានកន្លះម៉ោង តាមរយៈគ្រាប់បាល់២គ្រាប់របស់កីឡាករ Burak Yilmaz និង១គ្រាប់ពី Hakan Calhanoglu ប៉ុន្តែ កីឡាករបម្រុង Davy Klaassen និង Luuk de Jong បានវាយបកវិញដើម្បីផ្តល់ក្តីសង្ឃឹមដល់ក្រុមហូឡង់របស់លោក Frank de Boer។
Yilmaz បានបំពេញការរកបានគ្រាប់បាល់ទី៣របស់គេតាមរយៈការស៊ុតបាល់ពិន័យ Free-kick ចូលទីយ៉ាងល្អ ខណៈដែលតួកគី ដណ្តើមបានជ័យជម្នះដ៏សំខាន់ ក្នុងការប្រកួតរវាងក្រុមខ្លាំង២ ដែលមានក្តីសង្ឃឹមខ្ពស់ក្នុងការឆ្លងផុតពូល G។ លោក De Boer បានប្រាប់ទូរទស្សន៍ NOS TV ថា៖ «ពិតជាលទ្ធផលដ៏ខកចិត្តមួយ ហើយក៏បង្ហាញពីកម្រិតលេងរបស់យើងផងដែរ»៕
ប្រភពព័ត៌មាន៖ Channel News Asia



