បរទេស៖ លោក Luis Enrique បានបញ្ជាក់កាលពីថ្ងៃពុធថា ក្រុមជម្រើសជាតិអេស្ប៉ាញ «ត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្លួនតាំងពីនាទីដំបូង» ខណៈដែលពួកគេចាប់ផ្តើមយុទ្ធនាការជម្រុះ World Cup ដែលតម្រូវឲ្យពួកគេធ្វើការប្រកួត៣លើកជាមួយនឹងក្រុមដែលពួកគេត្រូវបានរំពឹងទុកថា អាចផ្តួលបាន។
នៅមុនពេលការប្រកួតលើទឹកដីខ្លួនឯងជាមួយនឹងក្រុមជម្រើសជាតិក្រិក ក្នុងទីក្រុង Granada នៅរាត្រីនេះ គ្រូបង្វឹកនៃក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានថា៖«យើងត្រូវតែមានការចងចាំក្នុងចិត្តថា នៅរាល់ការប្រកួត World Cup ទាំងអស់ មានក្រុមជាច្រើនដែលមានកម្រិតស្មើយើង ប៉ុន្តែ មិនបានឆ្លងផុតវគ្គជម្រុះ។ យើងនឹងធ្វើការងារផ្ទះរបស់យើង ហើយនិងប្រឹងឲ្យអស់ពីសមត្ថភាពតាំងពីនាទីដំបូង»។ លោក Enrique បានប្រាប់បន្តថា៖ «ថ្ងៃស្អែកនេះ គឺជាថ្ងៃដែលត្រូវចងចាំពីប្រភេទនៃយុទ្ធនាការដែលយើងកំពុងតែចាប់ផ្តើម ប្រភេទការប្រកួតដែលយើងនឹងលេង និងផ្តោតអារម្មណ៍»។
គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា ក្រុមរបស់លោក និងអ្នកគាំទ្រគួរតែបំភ្លេចការប្រកួតលើកចុងក្រោយរបស់អេស្ប៉ាញ នៅក្នុងយុទ្ធនាការ Nations League តាមរយៈការលើកឡើងថា៖ «អ្នកដែលគិតថា ការផ្តួលក្រុមអាល្លឺម៉ង់ ៦-០ នាំឲ្យយើងផ្តួលក្រុមក្រិក យ៉ាងងាយស្រួល អ្នកនោះ ស្គាល់បាល់ទាត់តិចតួចពេកហើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia


