បរទេស៖ លោក Gareth Southgate បាន​សាទរ​ដល់​ដំណើរ​ជីវិត​ដ៏អស្ចារ្យរបស់ Ollie Watkins ​ក្នុង​ការ​បង្ហាញខ្លួន​ជាលើក​ដំបូង​សម្រាប់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស ក្រោយពី​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Aston Villa រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី ក្នុង​ពេល​ក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ ៥-០ លើ​ក្រុម​សាំង​ម៉ា​រ៉ាំង ក្នុងការ​ប្រកួត​ជម្រុះបើក​ឆាក​នៃយុទ្ធនាការ World Cup កាលពីថ្ងៃ​ព្រហស្បតិ៍​។

កាល​ពី​៤​ឆ្នាំមុន Watkins ត្រឹម​តែ​អាច​លេង​ក្នុងក្រប​ខ័ណ្ឌលំ​ដាប់​ទី​៤​របស់​អង់គ្លេស​ជាមួយនឹងក្លិប Exeter ប៉ុណ្ណោះ​។ កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ធំ​ធេង​ចាប់​តាំង​​ពី​ពេល​នោះមក តាម​រយៈ​ការ​ចូល​រួម​ជាមួយនឹង​​ក្លិប Brentford ក្នុង​ឆ្នាំ​២០១៧ មុន​ពេល​ផ្ទេរ​ទៅ​កាន់​ក្លិប Aston Villa កាលពី​ឆ្នាំមុន ក្រោយពី​បាន​បញ្ចប់​ក្នុង​នាម​ជា​អ្នក​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​ក្នុងក្រប​ខ័ណ្ឌ Brentford​។ រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១២​គ្រាប់ ក្នុង​រដូវ​កាល​ទី​១​របស់​គេ​ជាមួយនឹង​ក្លិប​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ ដែល​នាំ​ឲ្យ​រូប​គេ​ទទួល​បាន​​ការ​កោះ​ហៅ​ឲ្យ​ចូលរួម​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​អង់​គ្លេស និង​បង្ហាញខ្លួន​ជាលើក​ដំបូង​ពេល​ប្រកួត​ជា​មួយនឹង​ក្រុម​សាំង​ម៉ា​រ៉ាំង នា​កីឡដ្ឋាន Wembley​។

លោក Southgate គ្រូបង្វឹក​របស់​ក្រុម​អង់គ្លេស បាន​កត់​សម្គាល់​ឃើញ​ពី​កម្រិត​លេង​ដ៏​ល្អ​របស់ Watkins តាម​រយៈ​ការ​បញ្ជាក់​ថា៖​ «រឿង​ដំបូង​ដែល​អ្នក​បាន​ឃើញ​ គឺ​ការ​បញ្ចេញ​ប្រតិ​កម្ម​របស់​ក្រុម​។ នោះ​គឺ​ជា​ការ​បង្ហាញពី​​កម្រិត​លេង​ដែល​ស៊ី​សង្វាក់គ្នា​។ Watkins បាន​បង្ហាញពី​ល្បឿន​ និង​បច្ចេក​ទេស​លេង​ដ៏ល្អ ដែលនោះ​គឺ​ជា​ដំណើរ​ជីវិត​ដ៏អស្ចារ្យ​របស់​គេ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia