បរទេស៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បាននិយាយថា រូបគេមានអារម្មណ៍ហាក់ដូចជាចូលលេងឲ្យក្រុមជម្រើសជាតិស៊ុយអែតជាលើកដំបូងអ៊ីចឹង ខណៈដែលរូបគេបានជួយឲ្យក្រុមរបស់គេរកបានគ្រាប់បាល់កាត់សេចក្តី ក្នុងការបង្ហាញខ្លួនជាអន្តរជាតិជាលើកដំបូងរបស់គេ ក្នុងរយៈពេលជិត៥ឆ្នាំ ក្នុងពេលផ្តួលក្រុមជម្រើសជាតិហ្សកហ្ស៊ី ១-០ ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ កាលពីថ្ងៃព្រហស្បតិ៍។
Ibrahimovic វ័យ៣៩ឆ្នាំ បានលេងការប្រកួតចុងក្រោយរបស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិស៊ុយអែត នៅក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ នៅមុនពេលពាក់អាវលឿងដើម្បីលេងឲ្យប្រទេសរបស់គេម្តងទៀតជាលើកទី១១៧ ក្នុងការប្រកួតបើកឆាកនៃពូល B របស់ពួកគេ។ កីឡាករជើងចាស់រូបនេះ បានជួយឲ្យ Viktor Claesson រកបានគ្រាប់បាល់នៅតង់ទី១ ដើម្បីធ្វើឲ្យក្រុមខ្លួនឈ្នះនៅថ្ងៃប្រកួតជម្រុះបើកឆាក ក្នុងពូលមួយដែលក៏មានក្រុមអេស្ប៉ាញ ក្រិក និងកូសូវ៉ូ ផងដែរ។
Ibrahimovic បានប្រាប់វិទ្យុ Sverige ថា៖ «ខ្ញុំមានអារម្មណ៍ល្អ។ ខ្ញុំមានអារម្មណ៍ថា ហាក់ដូចជាការប្រកួតអន្តរជាតិជាលើកដំបូងរបស់ខ្ញុំអ៊ីចឹង។ ខ្ញុំពិតជារំភើបណាស់។ ខ្ញុំគិតថា ខ្ញុំអាចធ្វើបានល្អប្រសើរជាងនេះទៀត។ ប៉ុន្តែ យើងបានឈ្នះការប្រកួត ហើយនោះគឺជាលទ្ធផលដ៏សំខាន់បំផុត»៕
ប្រភពព័ត៌មាន៖ Channel News Asia


