បរទេស៖ ខ្សែ​ប្រយុទ្ធ Harry Kane បានប​ញ្ចប់​ការ​មិន​អាច​រក​បាន​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ត្រឹម​៦​ប្រកួត ខណៈ​ដែល​រូប​គេ​បាន​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-០ នៅលើ​ទឹកដីក្រុម​ជម្រើស​ជាតិ​អាល់​បានី ក្នុង​ការ​ប្រកួត​ជម្រុះ World Cup កាលពីថ្ងៃ​អាទិត្យ​។

ក្រុម​របស់​លោក Gareth Southgate បាន​ជួប​ការ​លំ​បាក​ក្នុង​​ការ​បំ​បែក​​តំបន់ការ​ពារ​ដ៏​រឹង​មាំ​របស់​គូ​ប្រកួត​ខ្លួន នៅមុន​ពេល​តារាឆ្នើម​របស់​ក្លិប Tottenham បាន​ស៊ុត​បាល់​បំ​ប៉ោងសំណាញ់​ទីនៅ​ជិត​បញ្ចប់​តង់​ទី​១ នា​កីឡដ្ឋាន Air Albania ក្នុង​ទីក្រុង Tirana​។ នេះ​គឺ​ជា​គ្រាប់​បាល់​អន្តរ​ជាតិ​ជាលើក​ដំបូង​របស់​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​រូបនេះ បើ​គិត​ចាប់​តាំងពី​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពេល​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​​កូ​សូ​វ៉ូ កាលពី​៥០០​ថ្ងៃ​មុន ពោល​គឺកាលពី​​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​។​ ក្រោយពី​វិល​ចូល​លេង​ក្នុង​ជម្រើស​ទាំង​១១នាក់​ដំបូង​វិញ បន្ទាប់​ពី​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ពេល​ក្រុម​ខ្លួន​បាន​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​សាំ​ម៉ា​រ៉ាង​ក្នុងលទ្ធ​ផល ៥-០ បច្ចុប្បន្ន Kane រក​បាន​៣៣​គ្រាប់ ក្នុងការ​​បង្ហាញខ្លួន​៥២​លើក​សម្រាប់ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​។

Kane ក៏​បាន​ជួយ​ឲ្យ​ខ្សែ​បម្រើ Mason Mount រក​បាន​គ្រាប់​បាល់​នៅ​តង់​ទី​២​ផង​ដែរ ខណៈ​ដែលក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​ដណ្តើម​ជ័យ​ជម្នះ​២លើក​ពីការ​ប្រកួត​ទាំង​២លើក​​ក្នុង​ពូល I ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់ World Cup ឆ្នាំ​២០២២ ក្នុង​ប្រទេស​កា​តា​។ អង់គ្លេស នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ទី​៣​របស់​ខ្លួន​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ នៅ​កីឡដ្ឋាន Wembley នៅ​ថ្ងៃ​ពុធ ខណៈ​ការ​ចាប់​អារម្មណ៍​នឹង​ធ្លាក់​ទៅលើ Kane និង​ខ្សែ​ប្រយុទ្ធ Robert Lewandowski របស់​ក្លិប Bayern Munich​៕

ប្រភព​ព័ត៌​មាន៖ Channel news Asia