បរទេស៖ ការបន្ថែមខ្សែប្រយុទ្ធទៅក្នុងក្រុមជម្រើសទាំង១១នាក់ដំបូង នឹងមិនមានភាពចាំបាច់ក្នុងការបង្កើតឲ្យមានគ្រាប់បាល់នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិហ្ស៊ីប្រាល់តា ក្នុងការប្រកួតជម្រុះ World Cup ឡើយ។
នេះបើយោងទៅតាមការដាស់តៀនរបស់គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិហូឡង់លោក Frank de Boer នៅមុនពេលការប្រកួតនៅរាត្រីនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោកពិតជាបានបញ្ជាក់ថា ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផលតិចជាង ៥-០ ក្នុងការប្រកួតក្រៅដីនៃពូល G នឹងមិនផ្តល់នូវការពេញចិត្តឡើយ។ គ្រូបង្វឹករូបនេះបានប្រាប់សន្និសីទសារព័ត៌មានថា៖ «ការបន្ថែមខ្សែប្រយុទ្ធមិនមានភាពចាំបាច់ក្នុងការបង្កើតឲ្យមានភាពងាយស្រួលឡើយ ពីព្រោះវាបង្កើតចន្លោះកាន់តែតូចសម្រាប់យើង»។ លោកបានប្រាប់បន្តថា៖ «ប៉ុន្តែ ប្រសិនបើខ្សែការពារ២នាក់របស់អ្នក បំពេញតួនាទីនៅតំបន់ការពារយ៉ាងមានប្រសិទ្ធិភាព នោះ ពួកគេក៏អាចចាត់ទុកថា ជាខ្សែប្រយុទ្ធបានផងដែរ។ នៅក្នុងកីឡាបាល់ទាត់សព្វថ្ងៃនេះ អ្នកត្រូវតែមានចលនាជាច្រើនតំបន់ និងលាយបញ្ចូលគ្នា»។
ក្រុមជម្រើសជាតិហូឡង់ បានចាប់ផ្តើមយុទ្ធនាការជម្រុះរបស់ខ្លួនសម្រាប់ការឈានទៅជុំផ្តាច់ព្រ័ត្រនៅឆ្នាំក្រោយក្នុងប្រទេសកាតា តាមរយៈការចាញ់ក្នុងលទ្ធផល ៤-២ ក្រោមស្នាដៃក្រុមតួកគី កាលពីថ្ងៃពុធសប្តាហ៍មុន ប៉ុន្តែ ដណ្តើមបានពិន្ទុជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃសៅរ៍ នៅពេលដែលពួកគេបានផ្តួលក្រុមឡេតូនី ក្នុងលទ្ធផល ២-០ ក្នុងទីក្រុង Amsterdam ប៉ុន្តែ លទ្ធផលនេះ មិនបានធ្វើឲ្យគ្រូបង្វឹកពេញចិត្តឡើយ៕
ប្រភពព័ត៌មាន៖ Channel News Asia


