បរទេស៖ លោក Gareth Southgate បានដាស់តឿនក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស កុំឲ្យមើលស្រាលក្រុមជម្រើសជាតិប៉ូឡូញ ក្នុងការប្រកួតជម្រុះ World Cup នៅរាត្រីនេះ ក្រោយពីខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ត្រូវអវត្តមានដោយសារតែរបួសជង្គង់។
Lewandowski ត្រូវបានចាត់ទុកថា ជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធកំពូលៗរបស់ពិភពលោក ហើយនិងបង្កើតឲ្យមានការគំរាមដ៏ធំមួយសម្រាប់អង់គ្លេសតាំងពីនាទីដំបូង នៃការប្រកួតជម្រុះនេះ។ ខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងគេរបស់ប៉ូឡូញរូបនេះ នឹងត្រូវអវត្តមានក្នុងការប្រកួតជម្រុះពូល I នាកីឡដ្ឋាន Wembley ដោយសារតែរបួសជង្គង់ និងត្រូវបានរំពឹងទុកថា នឹងអវត្តមានពីការប្រកួតរយៈពេល១ខែ។ កាន់តែបន្ថែមបញ្ហាដល់ក្រុមជម្រើសជាតិប៉ូឡូញទៅទៀត កីឡាករ Mateusz Klich, Lukasz Skorupski, Kamil Piatkowski និង Grzegorz Krychowiak សុទ្ធសឹងរកឃើញថា មានវិជ្ជមានវីរុសកូរ៉ូណា។ ខ្សែបម្រើ Krychowiak ត្រូវបានរំពឹងទុកថា នឹងចូលលេង ក្រោយពីតេស្តឃើញលទ្ធផលអវិជ្ជមានជាបន្តបន្ទាប់ កាលពីថ្ងៃអង្គារ។
បញ្ហាទាំងអស់នេះ អាចនឹងធ្វើឲ្យក្រុមជម្រើសជាតិប៉ូឡូញ ចុះខ្សោយពេលប្រកួតជាមួយនឹងអង់គ្លេស ដែលជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការដណ្តើមលេខ១ក្នុងពូល ក្រោយពីបានយកឈ្នះលើក្រុមសាំងម៉ារ៉ាំង និងអាល់បានី ក្នុងការប្រកួតបើកឆាកទាំង២លើក។ ប៉ុន្តែ លោក Southgate បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារថា៖ «ខ្ញុំគិតថា ប៉ូឡូញ មានកីឡាករឆ្នើមៗជាច្រើន ហើយយើងនឹងក្លាយជាមនុស្សល្ងង់ក្នុងការគិតថា ពួកគេមិនសូវខ្លាំងនោះ»៕
ប្រភពព័ត៌មាន៖ Channel News Asia