បរទេស៖ កីឡាករ​បាល់​ទាត់​មីយ៉ាន់​ម៉ា​ម្នាក់ ដែល​លេង​​ឲ្យ​ក្លិប​ម៉ាឡេ​ស៊ី បាន​រង​ពិន័យ​ព្យួរ​១​ប្រកួត ក្រោយពី​បាន​លើក​ម្រាម​ដៃ​៣ ដូច​ទៅ​នឹង​ក្រុម​បាតុករ​ប្រឆាំង​នឹង​ធ្វើ​រដ្ឋ​ប្រហារ ក្នុង​ពេល​កំពុង​លេង​​នៅក្នុងការ​ប្រកួតមួយ​។

នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​មន្ត្រី​​​កីឡា​ម្នាក់​​កាលពីថ្ងៃ​អង្គារ​។ កីឡាករ Hein Htet Aung ដែល​លេង​ឲ្យ​ក្លិប​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២ Selangor FC II បាន​បញ្ចេញ​កាយ​វិការ​​​ទាក់​ទង​នឹង​នយោ​បាយ អំឡុង​ពេល​​នៃ​ការ​ប្រកួត​ជាមួយនឹងក្រុម PDRM FC កាលពី​ដើម​ខែ​នេះ​។ រូប​ភាព​របស់​គេ​ក្នុង​​ពេល​លើក​ម្រាម​ដៃ​៣ បាន​បង្កើតឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង ហើយ​​គេ​បាន​រក​ឃើញ​ថា កីឡាករ​រូបនេះ បាន​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ហាម​ឃាត់​តាម​រយៈ​កាយ​វិការ ឬ​ពាក្យសម្តី​។ នេះ​បើយោង​ទៅ​តាម​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ម៉ា​ឡេ​ស៊ី ដែល​បាន​បន្ថែម​ទៀត​ថា ទង្វើ​បែប​នេះ មិនមែន​ជា​​កាយវិការ​របស់​អ្នក​កីឡា​ឡើយ​។

Hein Htet Aung បាន​រង​ពិន័យ​​មិនឲ្យ​លេង​១​ប្រកួត ក្នុង​ពេល​ក្រុម​ខ្លួន​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ Perak FC II នៅ​ថ្ងៃ​សុក្រ សប្តាហ៍​នេះ ហើយ​អាច​នឹង​រង​ពិន័យ​ធ្ងន់​ធ្ងរ​ជាង​នេះ ប្រសិន​បើ​រូប​គេ​ប្រព្រឹត្ត​ល្មើស​ម្តង​ទៀត​។ លោក Baljit Singh Sidhu ប្រធាន​គណៈ​កម្មា​ធិការ​វិន័យ​​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​​ម៉ា​ឡេ​ស៊ី បាន​ប្រាប់​ថា៖ «កីឡា​បាល់​ទាត់​ត្រូវ​តែ​គ្មានការ​ពាក់ព័ន្ធ​នឹង​​ការ​រើស​អើង សាស​នា និង​នយោ​បាយ»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia