បរទេស៖ ភា្នក់ងារ និងឪពុកខ្សែប្រយុទ្ធ Erling Braut Haaland របស់ក្លិប Borussia Dortmund បានទៅទស្សនកិច្ចនៅក្លិប Barcelona កាលពីថ្ងៃព្រសហ្បតិ៍ ដើម្បីជួបជាមួយនឹងលោក Joan Laporta ដែលជាប្រធានទើបជាប់ឆ្នោតថ្មីរបស់ក្លិបយក្សអេស្ប៉ាញមួយនេះ។
នេះបើយោងទៅតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក។ កាសែតកីឡាប្រចាំថ្ងៃ Sport ដែលបានចេញផ្សាយរួមជាមួយនឹងរូបភាពរបស់លោក Mino Raiola ភ្នាក់ងាររបស់លោក Haaland និងឪពុករបស់គេលោក Alf-Inge Haaland បានធ្វើដំណើរទៅដល់ទីក្រុងនៃតំបន់ Catalonia បានសរសេរថា៖ «ការចាប់អារម្មណ៍របស់ Barca ទៅលើកីឡាកររូបនេះ ត្រូវបានបញ្ជាក់នៅក្នុងកិច្ចប្រជុំនេះ ហើយពួកគេនឹងដាក់សំណើដេញថ្លៃ»។ បើយោងទៅតាមកាសែតដដែល លោក Raiola ដែលក៏ជាភ្នាក់ងាររបស់ Paul Pogba និង Zlatan Ibrahimovic ដែរនោះ និងលោក Alf-Inge បានរៀបចំការពិភាក្សាគ្នាជាមួយនឹងលោក Laporta និងលោក Mateu Alemany ប្រធានផ្នែកកីឡារបស់ក្លិប Barcelona។
កាសែត Sport បានចេញផ្សាយថា៖ «ទាំងលោក Raiola និងឪពុករបស់ Haaland ហាក់ដូចជាបើកចំហរឲ្យមានការផ្ទេរទៅកាន់ក្លិប Barca ទោះបីជាភាគីទាំងអស់នឹងផ្អែកទៅលើតម្លៃចុងក្រោយដែលក្លិប Borussia Dortmund នឹងដាក់លើតារាឆ្នើមអន្តរជាតិន័រវេសរូបនេះក៏ដោយ»។ Haaland វ័យ២០ឆ្នាំ គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ តាមរយៈការរកបាន១០គ្រាប់។ រូបគេបានស៊ុតបាល់បញ្ចូលទីដល់ទៅ៤៩គ្រាប់ សម្រាប់ក្លិប Dortmund បើគិតចាប់តាំងពីផ្ទេរមកពីក្លិប Salzburg កាលពីខែមករា ឆ្នាំមុន៕
ប្រភពព័ត៌មាន៖ Channel News Asia