សកម្មភាព និង​ព្រឹត្តិការណ៍ប្រកួតកីឡា នៅក្នុងប្រទេស​កម្ពុជា ត្រូវបានបិទទាំងស្រុង​តែម្តង បន្ទាប់​ពី​កម្មវិធី​ប្រកួតកីឡា​ដ៏មាន​ប្រជាប្រិយធំៗ​ចំនួន​២​ គឺការ​ប្រកួត​ប្រដាល់គុនខ្មែរ នៅតាម​សង្វៀនឯកជន និងការប្រកួតបាល់​ទាត់​លីគកំពូល​កម្ពុជា ប្រចាំឆ្នាំ​២០២១ ត្រូវបានសម្រេច​ផ្អាក និងពន្យារពេលប្រកួត​ដែរនោះ។

គួរបញ្ជាក់ថា សកម្ម​ភាពប្រកួតកីឡា  ត្រូវបាន​ផ្អាក និងពន្យារពេលប្រកួតស្ទើរតែទាំងស្រុង តាំងពីចុង​ខែកម្ភៈ ពោលគឺបន្ទាប់ពី​ការផ្ទុះឡើង​ជា​ថ្មី​នៃ​ការឆ្លងជំងឺកូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាន​កើតមាន​ឡើង។

យ៉ាងណា​ក៏ដោយ នៅក្នុងអំឡុងពេលដ៏គ្រោះ​ថ្នាក់នោះ គឺ​នៅសល់តែការប្រកួត​២ប៉ុណ្ណោះ បានដំណើរការប្រកួត​ជាធម្ម​តា ក្នុងលក្ខខណ្ឌបិទទ្វារ មិនឱ្យមានអ្នកទស្សនា​ផ្ទាល់ គឺ​ប្រដាល់​គុនខ្មែរ នៅ​តាមសង្វៀនឯកជន និងកីឡា​បាល់ទាត់ ដែលមានការប្រកួតលីគកំពូលកម្ពុជា និងការ​ប្រកួត​ថ្នាក់​ខេត្តពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០២១ ប៉ុន្តែនៅពេលនេះ ព្រឹត្តិការណ៍​ប្រកួត​នៅលើ​ប្រភេទ​កីឡាដ៏ពេញនិយមទាំង​២នេះ បានសម្រេច​ផ្អាក និងពន្យារពេលប្រកួត អស់​ហើយ។

ទាំងថ្នាក់​ដឹកនាំ​សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងមន្រ្តីបច្ចេក​ទេស​របស់គណៈកម្មការ​ប្រកួតបាល់​ទាត់​ជាតិ​កម្ពុជា នៃ​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា បានចេញ​សេចក្តី​ប្រកួត​រៀងៗខ្លួន តាំងពីសប្តាហ៍មុន ដើម្បីផ្អាក និងពន្យារ​ការ​ប្រកួត នៅ​លើប្រភេទ​កីឡា​របស់​ខ្លួន រហូត​ដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១​នេះ​ដូចគ្នា។

ការសម្រេច​ផ្អាក និងពន្យារពេល​ប្រកួតនៅលើប្រភេទ​កីឡា​ដ៏មាន​ប្រជា​ប្រិយ​ភាពទាំង​២នេះ គឺ​ធ្វើ​ឡើង ដើម្បីចូលរួមទប់ស្កាត់ការ​រីករាល​ដាននៃ​ជំងឺកូវីដ​១៩ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និងក្រសួងសុខាភិបាល ដោយ​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបិទខ្ទប់ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និងក្រុងតាខ្មៅ នៃ​ខេត្តកណ្តាល ចំនួន​២សប្តាហ៍ គឺចាប់​ពី​ថ្ងៃទី​១៥ រហូត​ដល់​ទី​២៨ ខែមេសា ឆ្នាំ​២០២១៕