បរទេស៖ អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានដឹកនាំការប្រឆាំងមួយទៅនឹងគម្រោងបង្កើតពាន Super League កាលពីថ្ងៃចន្ទ តាមរយៈការបញ្ជាក់ថា កីឡាករ និងក្លិបដែលពាក់ព័ន្ធ អាចនឹងត្រូវជាប់បម្រាមមិនឲ្យចូលរួមក្នុងយុទ្ធនាការរបស់ខ្លួន ក្នុងនោះរាប់ទាំងក្លិប៣ដែលត្រូវលេងក្នុងក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរដូវកាលនេះផងដែរ។
នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃដដែលនោះ ក្រោយពីក្លិបកំពូលៗនៅអឺរ៉ុបចំនួន១២ បានប្រកាសពីគម្រោងរៀបចំលីកថ្មីនេះ លោក Aleksander Ceferin ប្រធាន UEFA បានចាត់ទុកគម្រោងរៀបចំពាន Super League គឺជាការស្តោះទឹកមាត់លើមុខអ្នកគាំទ្រកីឡាបាល់ទាត់ទាំងអស់»។ លោកបានឲ្យដឹងថា៖ «ក្នុងពេលឆាប់ៗនេះក្លិប និងកីឡាករ អាចនឹងត្រូវជាប់បម្រាមមិនឲ្យចូលរួមក្នុងយុទ្ធនាការទាំងអស់របស់យើង»។ ក្លិប៣ក្នុងចំណោមក្លិបទាំង១២ដែលស្ថិតក្នុងគម្រោងលីកថ្មីនេះ រួមមាន ក្លិប Real Madrid, Manchester City និង Chelsea អាចនឹងត្រូវលុបឈ្មោះចេញពីការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរដូវកាលនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Jesper Moller សមាជិកគណៈកម្មាធិការប្រតិបត្តិនៃ UEFA។
លោក Moller បានប្រាប់ទូរទស្សន៍ DR របស់ដាណឺម៉ាកថា៖ «ក្លិបទាំងនោះត្រូវតែគិតឲ្យបានច្បាស់។ ខ្ញុំរំពឹងទុកថា នឹងកើតឡើងនៅថ្ងៃសុក្រនេះ។ បន្ទាប់មក យើងត្រូវតែស្វែងរកវិធីក្នុងការបញ្ចប់ក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia


