បរទេស៖ European Super League បានដួលរំលំកាលពីថ្ងៃពុធ ខណៈដែលក្លិបចំនួន៨ក្នុងចំណោមសមាជិកជាស្ថាបនិកចំនួន១២ ពីប្រទេសអង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ បានដកខ្លួនចេញពីគម្រោងបំបែកពានមួយនេះ ក្រោមការដាក់សម្ពាធយ៉ាងខ្លាំងពីអ្នកគាំទ្រ អ្នកនយោបាយ មន្ត្រីកីឡាបាល់ទាត់ និងរាជវង្សចក្រភពអង់គ្លេស។
លោក Andrea Agnelli ស្ថាបនិក និងជាប្រធានក្លិប Juventus បានប្រាប់ Reuters ថា លោកកំពុងតែទទួលស្គាល់យ៉ាងស្ទាក់ស្ទើរថា លីកថ្មីនេះ ទទួលបរាជ័យហើយ ក្រោយពីក្លិបចំនួន៦នៅអង់គ្លេស បានដកខ្លួនចេញកាលពីថ្ងៃអង្គារ ស្របពេលដែលក្លិប Inter Milan និង Atletico Madrid បានដាកខ្លួនតាមក្រោយ ហើយក្លិប AC Milan បានបញ្ជាក់ថា ពួកគេក៏នឹងដកខ្លួនផងដែរ។
ក្លិបយក្សរបស់អ៊ីតាលីមួយនេះ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សំឡេង និងកង្វល់របស់អ្នកគាំទ្រជុំវិញពិភពលោក បានសម្តែងចេញឲ្យឃើញយ៉ាងច្បាស់ អំពី Super League ហើយ AC Milan ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើសំឡេងរបស់អ្នកទាំងនោះ ដែលស្រឡាញ់កីឡាដ៏អស្ចារ្យមួយនេះ»។ លោក Agnelli បាននិយាយថា លោកនៅតែជឿជាក់លើភាពល្អត្រឹមត្រូវនៃពាន Super League បើទោះបីរងនូវការរិះគន់យ៉ាងខ្លាំងក្លា និងមិនមានការសោកស្តាយចំពោះដំណើរការនៃការបង្កើតពានថ្មីមួយនេះឡើយ៕
ប្រភពព័ត៌មាន៖ Channel News Asia


