បរទេស៖ ខ្សែការពារចាស់វស្សា Sergio Ramos ត្រូវបានបណ្តាញសារពត៌មានចុះផ្សាយថាបានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលដើម្បីបន្តលេងអោយក្លឹបស្របពេលកិច្ចសន្យារបស់ខ្លួននិងអស់សុពលភាពនៅរដូវក្តៅខាងមុខ ។
កីឡាករសញ្ជាតិអេស្បាញរូបនេះមានទំនាក់ទំនងក្នុងការផ្លាស់ទៅកាន់ក្លឹបជើងឯកបារាំង Paris Saint-Germainខណៈដែលកិច្ចសន្យារបស់ខ្លួនមានសុពលភាពត្រឹមតែ ២ ខែចុងក្រោយទៀតនាពេលនេះ ។ប្រភពពីគេហទំព័រ Mundo Deportivo បានលើកឡើងថា Ramos ជិតឈានដល់ការបន្តកិច្ចសន្យាថ្មីរយៈពេល២ឆ្នាំ ក្រោយចំណាយពេល ១៦ រដូវកាលជាមួយក្លឹបដែលមានមូលដ្ឋាន នៅ រាជធានីប្រទេសអេស្ប៉ាញ។ ប្រភពដដែលបន្តថាប្រធានក្រុមReal Madrid រូបនេះបានព្រមព្រៀងបន្ធូរបន្ថយប្រាក់ឈ្នួលប្រចាំសប្តាហ៏ ៣១៥.០០០ ផោនក្នុងមួយសប្តាហ៍របស់គាត់ជាមួយក្លឹប ខណៈដែលកីឡាករវ័យ ៣៥ឆ្នាំរូបនេះ នឹងជួបជាមួយប្រធានក្លឹប Florentino Perez នៅប៉ុន្មានថ្ងៃខាងមុខដើម្បីត្រៀមចុះហត្ថលេខាបន្តលើកិច្ចសន្យាថ្មី។
Ramosកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតក្នុងនាមខ្សែការពាររូបនេះធ្លាប់ឈ្នះChampion league ៤ដង និង La Liga ៥ ដងព្រមទាំង Copa del Rey ចំនួន ២ ក្រោយផ្ទេរពីSevilla មកទឹកដី Bernabeu នៅឆ្នាំ២០០៥៕
ប្រភពព័ត៍មាន៖ Sportsmole