បរទេស៖ តារាឆ្នើមក្បាច់គុនចម្រុះ Aung La N Sang របស់មីយ៉ាន់ម៉ា ដែលត្រូវបានគេផ្តល់រហស្សនាមថា «ពស់ថ្លាន់ភូមា» បាននិយាយគាំទ្រកីឡាករគុនចម្រុះម្នាក់ដែលបានរងរបួស ក្នុងគ្រោះថ្នាក់ផ្ទុះគ្រាប់ នៅប្រទេសកំណើតរបស់ខ្លួនកំពុងរងការធ្វើរដ្ឋប្រហារ។
មីយ៉ាន់ម៉ា បានស្ថិតក្នុងភាពជ្រួលច្របល់ ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ នៅពេលដែលក្រុមយោធា បានទម្លាក់មេដឹកនាំលោកស្រី Aung San Suu Kyi ពីអំណាច ដែលនាំឲ្យមានការតវ៉ាយ៉ាងខ្លាំងក្លាទូទាំងប្រទេស ដើម្បីទាមទារឲ្យវិលទៅកាន់ប្រជាធិបតេយ្យវិញ។ ក្រុមអ្នកតវ៉ាជាច្រើន ធ្វើការតវ៉ាតាមដងវិថីនានា ជារៀងរាល់ថ្ងៃ ខណៈដែលមន្ត្រីស៊ីវិល បានធ្វើពហិការពីការងាររបស់ខ្លួន ដែលបានធ្វើឲ្យការងារក្នុងជួររដ្ឋាភិបាលក្រឡាប់ចក្រ ហើយក្រុមយោធា បានចាប់ផ្តើមស្តីបន្ទោសការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ទូទាំងប្រភេទ ទៅលើ «ក្រុមបង្ករចលាចល»។
ការផ្ទុះគ្រាប់បែកនៅក្លិបកីឡាមួយក្នុងទីក្រុងយ៉ាំងហ្គោនកាលពីសប្តាហ៍មុន បានធ្វើឲ្យកីឡាករគុនចម្រុះ Phoe Thaw រងរបួស ខណៈដែលបណ្តាញសារព័ត៌មានរបស់រដ្ឋ បានបន្ទោសការផ្ទុះនេះលើកីឡាកររូបនេះតែម្តង និងបានចេញផ្សាយថា រូបគេត្រូវបានឃាត់ខ្លួនហើយ។ Aung La ដែលជាអតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ក្នុង ONE Championship នោះ បានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖ «ចាប់តាំងពីខ្ញុំបានស្គាល់រូបគេ គេជាមនុស្សល្អ និងមានចិត្តល្អផងដែរ។ សូមកុំព្យាយាមចែកចាយព័ត៌មានមិនពិត និងការស្អប់»៕
ប្រភពព័ត៌មាន៖ Channel News Asia


