បរទេស៖ ក្លិប Sporting Lisbon បានក្លាយជាម្ចាស់ជើងឯករបស់ព័រទុយហ្គាល់ ជាលើកទី១ ក្នុងរយៈពេលជិត២ទសវត្សរ៍ កាលពីថ្ងៃអង្គារ។ ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Boavista នាកីឡដ្ឋាន Jose Alvalade របស់ពួកគេ បានជួយឲ្យ Sporting ឈ្នះពានជាលើកទី១៩ ខណៈដែលការឈ្នះពានជាលើកចុងក្រោយរបស់ពួកគេ បានកើតឡើងចាប់តាំងពីឆ្នាំ២០០២ មកម្ល៉េះ។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទី ទី៣៦របស់ Paulinho បានជួយឲ្យក្រុម Sporting មានពិន្ទុនាំមុខដាច់លើក្រុម Porto ក្នុងការប្រកួតមួយដែលត្រូវបានលេងនៅកីឡដ្ឋានគ្មានអ្នកទស្សនា ដោយសារតែការឆ្លងរាតត្បាតរបស់វីរុសកូវីដ ១៩។ ការអបអររបស់ Sporting ត្រូវបានពន្យារពេល២៤ម៉ោង ក្រោយពី Porto បានរក្សាក្តីសង្ឃឹមរបស់ខ្លួន ក្រោយពីបានយកឈ្នះលើក្រុម Farense ក្នុងលទ្ធផល ៥-១ កាលពីថ្ងៃចន្ទ។ ពួកគេបានឈ្នះពានលីកព័រទុយហ្គាល់ ក្រោយពីបាននាំមុខ៨ពិន្ទុលលើក្រុម Porto រួមទាំងកំណត់ត្រានៃការមិនស្គាល់ចាញ់សោះ។
បើទោះបីមានការអំពាវនាវពីក្រុមអាជ្ញាធរ ឲ្យគោរពច្បាប់រក្សាគម្លាតក្នុងសង្គមក៏ដោយ ប៉ុន្តែ អ្នកគាំទ្ររាប់ពាន់នាក់ បានចាប់ផ្តើមប្រមូលផ្តុំគ្នានៅខាងក្រៅកីឡដ្ឋាន Sporting តាំងពីមុនពេលចាប់ផ្តើមប្រកួត៕
ប្រភពព័ត៌មាន៖ Channel News Asia


