បរទេស៖ ភ្លាមៗ ក្រោយពីស្តេចប្រដាល់ Manny Pacquiao បានប្រកាសពីការសម្រេចចិត្តរបស់គេក្នុងការប្រកួតជាមួយនឹងម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យម (៦៣-៦៧គីឡូក្រាម) Errol Spence Jr. ការពិភាក្សាគ្នាមួយលើការឡើងទៅជួបកីឡាករ Floyd Meayweather នឹងត្រូវបើកការពិភាក្សា។
Pacquiao បានបង្ហាញថា រូបគេនៅតែជាខ្លាចាស់ដ៏ខ្លាំងម្តងទៀត ដោយស្ថិតក្នុងវ័យ៤២ឆ្នាំទៅហើយ ប្រធានព្រឹទ្ធសភារបស់ហ្វីលីពីនរូបនេះ នឹងត្រូវជួបជើងខ្លាំងបំផុតក្នុងប្រភទទម្ងន់របស់គេ។ Spence វ័យ៣១ឆ្នាំ គឺជាម្ចាស់ខ្សែក្រវាត់ពិភពលោដ៏ខ្លាំងម្នាក់ និងពោរពេញដោយទេពកោសល្យម្នាក់ ហើយអាចជាគូប្រកួតដ៏ខ្លាំងម្នាក់សម្រាប់បុរសដែលមានរហស្សនាមថា «Pacman» រូបនេះ ដែលក៏នឹងត្រូវដំឡើងទម្ងន់របស់ខ្លួនផងដែរ។ ការប្រកាសថា Pacquiao នឹងត្រូវឡើងសង្វៀនប្រកួតជាមួយនឹង Spence នៅថ្ងៃទី២១ ខែសីហា នៅក្នុងព្រឹត្តិការណ៍ដ៏កក្រើកនៅ Las Vegas បានបង្កើតឲ្យមានការចោទសួរជាសំណួរជាច្រើន អំពី Mayweather។ អ្នកវិភាគជាច្រើនបានព្យាករថា ការដណ្តើមបានជ័យជម្នះលើ Spence ពិតជាមានន័យណាស់សម្រាប់ Pacquiao។
លោក Ishe Smith ដែលជាអតីតគូប្រកួតរបស់ Mayweather បាននិយាយថា៖ «ប្រសិនបើ Manny ផ្តួល Spence ហើយបើទោះបី Mayweather ចាញ់ការប្រកួតរបស់ខ្លួន ជំនួបរវាង Floyd និង Manny នឹងត្រូវលើកយកមកពិភាក្សា»។ Spence គឺជាម្ចាស់គ្រោងខ្សែក្រវាត់រួម IBF និង WBC ដោយរូបគេធ្លាប់បានប្រកួត២៧លើក ឈ្នះទាំង២៧លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់២១លើក។ ដោយឡែក Pacquiao ធ្លាប់បានប្រកួត៧១លើក ឈ្នះ៦២លើក ចាញ់៧លើក ស្មើ២លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់៣៩លើក៕
ប្រភពព័ត៌មាន៖ Worldboxingnews


