បរទេស៖ លោក Hansi Flick គ្រូបង្វឹករបស់ក្លិប Bayern Munich នឹងចូលកាន់តំណែងជំនួសកន្លែងលោក Joachim Low ដែលជាអតីតប្រធានរបស់លោក ក្នុងក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បន្ទាប់ពីព្រឹត្តិការណ៍ Euro ឆ្នាំ២០២០។ នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ (DFB) កាលពីថ្ងៃអង្គារ។
ក្រោយពីបានចុះកិច្ចសន្យារយៈពេល៣ឆ្នាំ ដើម្បីជំនួសកន្លែងរបស់លោក Loew លោក Flick វ័យ៥៦ឆ្នាំ បានឲ្យដឹងថា៖ «អ្វីៗពិតជាដំណើរការរហ័ស និងគួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែ ខ្ញុំពិតជារីករាយក្នុងការក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ចាប់ពីរដូវស្លឹកឈើជ្រុះតទៅ។ ខ្ញុំពិតជារំភើបណាស់ ពីព្រោះខ្ញុំឃើញពីកម្រិតរបស់កីឡាករ ហើយជាពិសេសកីឡាករវ័យក្មេង ដែលយើងមានក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់»។
លោក Flick ដែលធ្លាប់មានតួនាទីជាគ្រូបង្វឹកជំនួយរបស់លោក Low ពេលអាល្លឺម៉ង់ បានឈ្នះពាន World Cup ឆ្នាំ២០១៤នោះ បានក្លាយជាបេក្ខភាពឈានមុខគេក្នុងការចូលកាន់តំណែងលោក Loew ជាយូរមកហើយ បន្ទាប់ពីលោក Loew ចាកចេញពីការងាររបស់លោក បន្ទាប់ពីកាន់តំណែងបានរយៈពេល១៥ឆ្នាំ នៅត្រឹមចុងឆ្នាំនេះ។ លោក Oliver Bierhoff ប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ បានឲ្យដឹងថា៖ «គាត់ជាបេក្ខភាពឈានមុខគេតាំងពីដើមមកម្ល៉េះ»៕
ប្រភពព័ត៌មាន៖ Channel News Asia