ក្លិបចំនួន៦ ដែលកំពុងលេងនៅលីគកំពូលកម្ពុជា ត្រូវបានគេមើលឃើញថា អាចនឹងទទួលបានផលប្រយោជន៍ គឺការអាចពង្រឹងសមត្ថភាព តាមរយៈការប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ League Cup 2021 ឬ ពានរង្វាន់លីគខាប់ ឆ្នាំ២០២១ ជំនួសការប្រកួតលីគកំពូលកម្ពុជា ដែលបានសម្រាក រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទុកពេលឱ្យក្រុមជម្រើសជាតិកម្ពុជា រួមទាំងក្រុមបឹងកេត និងវិសាខា ធ្វើការប្រកួតនៅក្រៅប្រទេស។
តាមការប្រកាសព័ត៌មានរបស់ CNCC បានឱ្យដឹងថា ក្រុមកំពុងលេងនៅលីគកំពូលចំនួន៦ រួមមាន បឹងកេត ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា ក្រុមកងយោធពលខេមរភូមិន្ទុ (ទ័ព) និងក្រុមខេត្តព្រៃវែង សុទ្ធតែបានចូលរួមប្រកួត នៅ League Cup 2021 ហើយក្រុមសាលាកីឡាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ និងក្រុមអាយអេស អាយដង្កោសែនជ័យ ក៏បានចូលរួមនៅក្នុងព្រឹត្តិការណ៍ថ្មីនេះផងដែរ។
ក្រុមទាំង៨នេះ ត្រូវបានចែកការប្រកួតជា២ពូល ហើយតាមការចាប់ឆ្នោត កាលពីព្រឹកថ្ងៃចន្ទនេះ គឺ បឹងកេត ភ្នំពេញក្រោន វិសាខា និងអាយអេសអាយដង្កោសែនជ័យ ឈរនៅពូលA រីឯព្រះខ័នរាជស្វាយរៀង ទ័ព ខេត្តព្រៃវែង និងសាលាកីឡាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ឈរនៅពូលB ខណៈកម្មវិធីប្រកួត បានរៀបចំរួចរាល់ហើយ គឺពូលទាំង២នេះ នឹងចាប់ប្រកួតជម្រុះវិលជុំ ពីថ្ងៃទី៥ ដល់ថ្ងៃទី២០ ខែមិថុនា។
ចំណែកក្រុមទទួលបានលេខ១ និងលេខ២ ប្រចាំពូលទាំង២ នឹងត្រូវឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែមិថុនា ហើយក្រុមឈ្នះទាំង២ នៅក្នុងវគ្គនេះ នឹងត្រូវឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រដែលគ្រោងធ្វើ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។
សម្រាប់ការប្រកួត League Cup 2021 នេះ គឺក្រុមនីមួយៗអាចដាក់បញ្ចូលកីឡាករឱ្យចូលរួម ដូចការប្រកួតលីគកំពូលដែរ ហើយនៅក្នុងពេលប្រកួត គឺ១ក្រុមអាចផ្លាស់ប្តូរកីឡាករបាន៥នាក់ ចំណែកការកំណត់ចំណាត់ថ្នាក់ នៅក្នុងការប្រកួតវគ្គជម្រុះវិលជុំ និងលក្ខខណ្ឌនៃការប្រកួតមួយចំនួន គឺដូចគ្នាទៅនឹងការប្រកួតលីគកំពូលដែរ ព្រោះ League Cup 2021 បង្កើតឡើង ដើម្បីផ្តល់ការប្រកួតប្រជែងដល់ក្រុមផ្សេងៗ ពិសេសក្រុមលេងនៅលីគកំពូលកម្ពុជា នៅក្នុងអំឡុងពេលពួកគេ ត្រូវបានឱ្យឈប់សម្រាករយៈពេលជាង១ខែនេះ៕