បរទេស៖ លោក Thomas Tuchel បានកំណត់គោលដៅអាទិភាពក្នុងការផ្ទេរយកខ្សែបម្រើស្លាបក្លឹប Wolves កីលាករ Adama Traore ដើម្បីនាំយកមកកាន់ក្រុមតោខៀវChelsea នៅរដូវក្តៅនេះ។

ម្ចាស់ជើងឯកលីកកំពូលទ្វីបអឺរ៉ុប Champions League ក៏កំពុងបង្ហាញពីគោលបំណងចង់បាន ខ្សែប្រយុទ្ធឆ្នើម Erling Haaland ជាគោលដៅអាទិភាពបំផុតរបស់ពួកគេទោះបីជា Borussia Dortmund បានបញ្ជាក់យ៉ាងច្បាស់ថាក្លឹបនៅ មានផែនការដើម្បីរក្សាទុកខ្សែប្រយុទ្ធឆ្នើមវ័យក្មេងសញ្ជាតិន័រវែសរូបនេះបានមួយរដូវកាលទៀត។ កាលពីដើមសប្តាហ៍នេះ Chelsea បានបញ្ជាក់ផងដែរថាក្លឹបមានបំណងចង់លក់ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេសកីឡាករ Callum Hudson-Odoi ទៅកាន់ក្លឹបជើងឯកអាឡឺម៉ង់ គឺ Bayern Munich ។ប៉ុន្តែយោងគេហទំព័រ The Telegraph បានចុះផ្សាយថាអ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់ រូបនេះមានឆន្ទៈក្នុងការពង្រឹងកីឡាករនៅតំបន់បម្រើស្លាបខាងស្តាំ ដោយមានចក្ខុវិស័យមើលឃើញថា Traore ជាបេក្ខភាពដ៏សក្តសមជាមួយខ្សែបម្រើសញ្ជាតិម៉ារ៉ុក Achraf Hakimi ដែលក្លឹបក៏កំពុងចរចារនាំយកពីInter Milan ផងដែរនោះ។

ប្រភពខាងលើបានអះអាងថារដូវកាលដំបូងលោក Tuchel ពេញចិត្តនិងទម្រង់លេងរបស់ Reece James ហើយការព្យាយាមចុះហត្ថលេខានាំយកកំលាំងថ្មីមកពង្រឹងតំបន់បម្រើស្លាបខាងស្តាំនេះគឺមិនមានន័យថាយកមកជំនួសតំណែងកីឡាករអន្តរជាតិអង់គ្លេសរូបនេះទេ៕
ប្រភពព័ត៍មាន៖ Metro
