កីឡាករខ្លួនតូច តែមានភាពសកម្មខ្លាំង នៅលើទីលាន ឈិន ឈឿន បានរំលេចចេញនូវប្រយោគយ៉ាងខ្លី ដែលហាក់ចង់បង្ហាញពីការតូចចិត្ត ទៅនឹងអាជីពបាល់ទាត់របស់ខ្លួន ដោយសារតែមនុស្សមួយចំនួន មិនសូវឱ្យតម្លៃ ខណៈអាជីតមួយនេះ ឈិន ឈឿន បានចាត់ទុកថា ជាចំណែកមួយយ៉ាងសំខាន់ នៅក្នុងឆាកជីវិតរបស់គេ។
យ៉ាងណាក៏ដោយខ្សែប្រយុទ្ធស្លាបរបស់ក្លិបកងយោធពលខេមរភូមិន្ទ (ទ័ព) ដែលធ្លាប់បង្ហាញខ្លួនច្រើនលើក នៅក្នុងក្រុមជម្រើសជាតិកម្ពុជា ឈិន ឈឿន បានជំរុញខ្លួនឯងត្រូវចេះអត់ធ្មត់ និងខំប្រឹងតស៊ូបន្តទៀត ដោយរូបគេបានបង្ហោះសារស័ព្ទយ៉ាងខ្លី តែមានន័យជ្រៅយ៉ាងដូច្នេះថា៖ «អាជីពបាល់ទាត់ ជាចំណែកមួយដ៏សំខាន់ នៅក្នុងជីវិតរបស់ខ្ញុំ ទោះមានអ្នកមួយចំនួន មិនសូវឱ្យតម្លៃក៏ដោយ #តស៊ូអត់ធ្មត់_ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព»។
ការបង្ហោះសារស័ព្ទនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន អមដោយរូបភាពកំពុងលេងបាល់ទាត់២សន្លឹក កាលពីថ្ងៃអង្គារម្សិលមិញនេះ គេនៅមិនទាន់ច្បាស់ថា ឈិន ឈឿន បានបង្ហាញការតូចចិត្ត ទៅលើចំណុចមួយណា នៅក្នុងអាជីពមួយនេះ ឱ្យពិតប្រាកដទេ ហើយ«អ្នកមួយចំនួន» ដែលគេបានលើកឡើងនោះ ជាអ្នកណាឱ្យប្រាកដនោះដែរ ប៉ុន្តែសម្រាប់ការចាកចេញពីក្រុមព្រះខ័នរាជស្វាយរៀង មកកាន់ក្រុមទ័ព ជាចម្រកចាចាស់ នៅក្នុងរដូវកាល ឆ្នាំ២០២១នេះ ឈិន ឈឿន នៅមិនទាន់សម្រេចក្តីស្រម័យរបស់គេនៅឡើយទេ។
កីឡាករ ដែលពោរពេញដោយបទពិសោធ ឈិន ឈឿន ធ្លាប់បានប្រាប់ថា ការវិលមកក្លិបចាស់នេះ រូបគេ នឹងទទួលបានឱកាស បានលេង នៅក្នុងជម្រើស១១នាក់ដំបូងរបស់ក្រុមទ័ព ដើម្បីអាចបង្ហាញសមត្ថភាព នៅលើទីលាន ហើយអាចមានឱកាសបានជាប់ជាកីឡាករជម្រើសជាតិកម្ពុជា ម្តងទៀត ប៉ុន្តែតាមរយៈការប្រកួតលីគកំពូលកម្ពុជា ប៉ុន្មានប្រកួតកន្លងមកនេះ ឈិន ឈឿន ភាគច្រើន បានស្ថិតនៅក្នុងបញ្ជីឈ្មោះជាកីឡាករបម្រុង។ យ៉ាងណាក៏ដោយ ពេលនេះក្រុមទ័ព បាននាំយកអតីតគ្រូបង្វឹកក្រុមជម្រើសជាតិ លោក Lee Tae Hoon មកដឹកនាំហើយ ខណៈគ្រូបង្វឹកនេះ ក៏បានស្គាល់សមត្ថភាព ឈិន ឈឿន ច្បាស់ផងដែរ។
ឈិន ឈឿន ធ្លាប់បានបញ្ជាក់ថា៖ «សម្រាប់ឆ្នាំ២០២១នេះ បើខ្ញុំបានបង្ហាញខ្លួនច្រើន នៅក្នុងជម្រើស១១នាក់ដំបូងរបស់ទ័ព ខ្ញុំនឹងប្រឹងប្រែង គឺទី១ ខ្ញុំខំប្រឹងដើម្បីក្លិប ទី២ ខ្ញុំចង់សងគុណដល់ក្លិបវិញ ដែលក្លិបបានផ្តល់ឱ្យខ្ញុំពីមុនៗមក ហើយការខំប្រឹងនេះ ក៏ដើម្បីខ្លួនឯង និងគោលដៅអាចជាប់ជាជម្រើសជាតិ ផងដែរ ដោយខ្ញុំ នៅមិនទាន់គិតពីការចូលនិវត្តន៍ទេ ព្រោះអាយុត្រឹម៣០ឆ្នាំជាងនេះ បើនៅស្រុកគេ ពេញកម្លាំង និងពេញលេងតែម្តង អ៊ីចឹងខ្ញុំត្រូវតែខំប្រឹងប្រែងបន្តទៀត»៕