កីឡាករ​ជើងចាស់ ម៉ន សាម៉េត មានគម្រោង​ចង់​យក​ឈ្នះ​លើ ថា សារុន ដោយការ​វាយ​ឱ្យ​សន្លប់ នៅក្នុងទឹក​ណា​មួយ ដើម្បី​ឡើង​ទៅ​កាន់ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​​​ព្រឹត្តិការណ៍​ស្តេចប្រដាល់ នៅ​លើ​សង្វៀនហង្សមាស នា​ព្រលប់​ថ្ងៃសៅរ៍​នេះ ប៉ុន្តែ​អ្នក​លេងកណ្តាប់ដៃ លាភ រដ្ឋា ដែល​ត្រូវ​ប៉ះ អេ អាំម៉ារីនភូថង ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​នេះ​ដែរ ហាក់មានការ​បារម្ភ​ខ្លាំង​ទៅនឹងកម្ពស់របស់កូនប្រុស អតីត​កីឡាករ​ជើងខ្លាំង​គ្មាន​គូ​ប្រៀប អេ ភូថង ម្នាក់នេះ។

បើ​ទោះបីជា ថា សារុន ធ្វើ​បាន​ល្អ និងបាន​ឆ្លងការ​ការ​ប្រកួត​ជា​ច្រើន​ដំណាក់កាល មុននឹង​ឈាន​មក​យក​ឈ្នះលើ​ បាង កាយ៉ាក នៅវគ្គ​​៨នាក់​ចុងក្រោយ កាលពី​សប្តាហ៍មុន​ ប៉ុន្តែចំពោះ ម៉ន ​សាម៉េត មិន​បាន​ចាត់ទុក ថា សារុន ជា​ឧបសគ្គ​ចំពោះ​គេ​នោះ​ទេ គឺ​គេសង្ឃឹម​ឈ្នះ​រហូត​ដល់​១០០​ភាគ​រយ ហើយ សាម៉េត ក៏​ចង់​ផ្តួល សារុន ឱ្យ​សន្លប់ នៅ​ក្នុងទឹកណា​មួយ​ដែរ បើសិនជា​កាលៈ​ទេសៈអំណោយ​ផល។

ម៉ន សាម៉េត ដែល​បាន​ឈ្នះ​គ្រប់ការ​ប្រកួត មុនពេលមក​ទម្លាក់ ទូច ដេវីដ នៅវគ្គ​៨នាក់​ចុង​ក្រោយ កាលពី​ថ្ងៃអាទិត្យ​នោះ បាន​និយាយ​ថា៖​ «​ចំ​ពោះ​ការ​​ប្រកួត​ជាមួយ ​ថា ​សារុន លើកនេះ ​ខ្ញុំ​គិត​ថា មិន​លំបាក​ឈ្នះ​ទេ។ ខ្ញុំ​ធានា​ថា​ឈ្នះ​ ១០០ ​ភាគ​រយ ​គឺ​និយាយ​ទៅ​ស៊ី​ផុយ​តែ​ម្តង​ ហើយ​ខ្ញុំ​គិត​ថា ​មិន​ទុក​ពេល​វេលា​ប្រកួត​ឱ្យ​​យូរ​នោះ​ទេ គឺ​ផ្តួល​ពេល​ណា​បាន ​នឹង​ផ្តួល​ឱ្យ​​សន្លប់​តែ​ម្តង»​។

ចំណែក​លោក ​ណន ​រិទ្ធ ​គ្រូ​បង្វឹក ​ថា ​សារុន បាន​ទទួល​ស្គាល់​ថា សិស្ស​របស់ខ្លួន ពិតជា​ទៅមិនរួច​ជាមួយ ម៉ន សាម៉េត មែន។ លោក​​​បាន​បញ្ជាក់​​ថា​៖ ​«​យើង​គ្មាន​អ្វី​និយាយ​ទេ​ ​ព្រោះ​ ថា​ សារុន​ និង​ ម៉ន​ សាម៉េត​ ពិត​ជា​មាន​សមត្ថភាព​ខុស​គ្នា​ឆ្ងាយ​មែន ​ប៉ុន្តែ​​ទោះ​បីជា​យើង​មាន​សង្ឃឹម​តិច​ក្តី ​ក៏​យើង​នៅ​តែ​ប្រឹង​ប្រែង​ប្រ​កួត​ឱ្យ​​អស់​ពី​សមត្ថភាព​ដែរ»​។​

ដោយឡែក​អ្នក​លេងកណ្តាប់​ដៃ លាភ​ រដ្ឋា​ កំពុងមានការ​បារម្ភ​ថា កណ្តាប់ដៃ​របស់គេ អាច​នឹង​វាយ​មិនដល់​គោលដៅ ដោយ​សារ​តែ អេ អាំម៉ារីនភូថង បាន​កម្ពស់ខ្ពស់ពេក។​ «​​ខ្ញុំ​ធ្លាប់​ប្រ​កួតចាញ់​ពិន្ទុ ​អេ ​អាំ​ម៉ារីនភូថង ​ម្តងហើយ ចំណែក​ប្រ​កួត​នេះ ​ពិត​ជា​លំបាក​។ ក្បាច់ ​និង​ស្នៀត​ប្រកួត​​របស់ ​អាំម៉ារីន​ គ្មាន​អ្វី​ដែល​ខ្លាច​ទេ ​​​ប៉ុន្តែ​គាត់​ខ្ពស់ ​ខ្ញុំ​ចូល​វាយ​មិន​ដល់​គោល​ដៅ​ល្អ​ទេ ហេតុនេះ​​ខ្ញុំមានការ​​ព្រួយ​បារម្ភ​ខ្លាំង ​ចំពោះ​ការ​ប្រ​កួត​នេះ ដោយ​​សង្ឃឹម​ឈ្នះត្រឹម​​ ៥០ ​ភាគ​រយ​​ទេ»។

គួរបញ្ជាក់ថា នៅ​ក្នុងការ​ប្រកួត​ព្រឹត្តិការណ៍​ស្តេច​ប្រដាល់​នេះ អេ អាំម៉ារីនភូថង​ បាន​ឈ្នះ​គ្រប់ការ​ប្រកួតទាំង​អស់ ហើយ​សម្រាប់ការ​ប្រកួត​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ កាលពី​ថ្ងៃអាទិត្យ កូន​ប្រុស​របស់​លោក អេ ភូថង រូបនេះ បាន​យក​ឈ្នះ​លើ​ ភួង ពិសិដ្ឋ ដើម្បី​ឡើងមកកាន់វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ៕