សហព័ន្ធខ្មែរកីឡាទោចក្រយាន និងដៃគូសហការដ៏សំខាន់របស់ខ្លួន គឺសមាគមកីឡាប្រណាំងកង់កម្ពុជា (Cambodia Cycling Academy) ប្រចាំនៅប្រទេសបារាំង បានឯកភាពគ្នារួចហើយថា នឹងដាក់បញ្ចូលកីឡាករកូនកាត់ខ្មែរ-អាមេរិក ១រូប ឱ្យហ្វឹកហាត់ជាមួយក្រុមប្រណាំងកង់ជម្រើសជាតិកម្ពុជាទាំង៣នាក់ និងគ្រូបង្វឹក លោក ខ្លួត ករណី ដើម្បីត្រៀមការប្រកួតលើវិញ្ញាសាជាក្រុម នៅស៊ីហ្គេម ប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ។
គិតមកដល់ពេលនេះ កីឡាករប្រណាំងកង់ជម្រើសជាតិកម្ពុជា ទាំង៣នាក់ និងគ្រូបង្វឹកលោក ខ្លូត ករណី បាននឹងកំពុងហ្វឹកហាត់ នៅប្រទេសបារាំង ក្រោមការរាប់រង់ទាំងស្រុងរបស់ សមាគមកីឡាប្រណាំងកង់កម្ពុជា ប្រចាំនៅប្រទេសបារាំង ប៉ុន្តែដោយសារការហ្វឹកហាត់នេះ បានបង្វែទៅលើការប្រកួតជាក្រុម ហេតុនេះ សហព័ន្ធខ្មែរកីឡាទោចក្រយាន និង សមាគមកីឡាប្រណាំងកង់កម្ពុជា ដែលមានលោកស្រី ប៉ែន ស្រីមុំ ជាប្រធាន បានសម្រេចនាំយកកីឡាករកូនកាត់ខ្មែរ-អាមេរិក ចនី ផាន់ មកហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជាដែរ ដោយរូបគេនឹងមកចូលរួមនៅខែក្រោយនេះ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានប្រាប់ថា កីឡាករកូនកាត់ខ្មែរ-អាមេរិក ចនី ផាន់ នឹងត្រូវដាក់បញ្ចូលឱ្យហ្វឹកហាត់ជាមួយក្រុមប្រណាំងកង់ជម្រើសជាតិកម្ពុជា នៅប្រទេសបារាំង នាខែក្រោយនេះ ដើម្បីសម្រួចការប្រកួតលើវិញ្ញាសាក្រុម ចម្ងាយ ១៥០ គីឡូម៉ែត្រ ឬ ១៧០ គីឡូម៉ែត្រ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម ចុងឆ្នាំនេះ។
លោកបានប្រាប់បន្ថែមថា៖ «ការហ្វឹកហាត់ នៅប្រទេសបារាំងនេះ សហព័ន្ធ និង សមាគមកីឡាប្រណាំងកង់កម្ពុជា បានឯកភាពគ្នាហ្វឹកហាត់សម្រួចលើវិញ្ញាសាជាក្រុម ដែលតម្រូវឱ្យមានកីឡាករ ៤ នាក់ ឬ ៥ នាក់ អ៊ីចឹងបើគិតតាមបច្ចេកទេស យើងត្រូវបញ្ជូនអត្តពលិកជាដៃគូហ្វឹកហាត់ម្នាក់ទៀតឈ្មោះ កីឡាករ ចនី ផាន់ ជាកូនកាត់ខ្មែរ-អាមេរិក ទៅហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិរបស់យើង ដើម្បីឱ្យសមជាដៃគូយល់ចិត្តគ្នា ពេលប្រកួត នៅស៊ីហ្គេម»។
ចំណែកលោក ខ្លូត ករណី ជាគ្រូបង្វឹកដឹកនាំការហ្វឹកហាត់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖ «ក្រុមយើងមកហ្វឹកហាត់នៅស្រុកបារាំងនេះ គឺផ្តោតលើវិញ្ញាសាប្រណាំងកង់គួកជាក្រុម ដើម្បីសម្រួចក្នុងការទៅចូលរួមនៅស៊ីហ្គេម ប្រទេសវៀតណាម ចុងឆ្នាំ ២០២១ នេះ ហើយពួកយើង ពិតជាមានចិត្តសប្បាយរីករាយ បន្ទាប់ពីបានសម្រេចបំណង ក្នុងការមកហាត់នៅប្រទេសបារាំងនេះ ដោយមានការយកចិត្តទុកដាក់ខ្លាំងពីលោកស្រី ប៉ែន ស្រីមុំ និងស្វាមីរបស់គាត់»៕




