នៅទីបំផុតក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ នោះ នឹងត្រូវប្រឈមជាមួយក្រុមជម្រើសជាតិកោះហ្គាម នាការប្រកួតជុំ Play-Off នៃវគ្គជម្រុះជុំទីបី ពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី (AFC Asian Cup) ឆ្នាំ២០២៣។
ការវិលមកជួបគ្នារវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិកោះហ្គាម ត្រូវបានបង្ហាញ តាមរយៈការចាប់ឆ្នោត ដែលត្រូវបានធ្វើ នៅទីស្នាក់ការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នាក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃព្រហស្បតិ៍នេះ ចំណែក ចំណែកក្រុមឥណ្ឌូណេស៊ី ត្រូវតទល់ជាមួយឆាយនីសតៃប៉ិ នៅក្នុងវគ្គនេះដូចគ្នា។
គួរបញ្ជាក់ថា កម្ពុជា ឥណ្ឌូណេស៊ី កោះហ្គាម និងឆាយនីសតៃប៉ិ ជាក្រុមដែលមានចំណាត់ថ្នាក់ទាបជាងគេ នាការប្រកួតជុំទីពីរ នៃពានរង្វាន់ FIFA World Cup និង Asian Cup ហើយកម្ពុជាអាចជៀសផុតពីឥណ្ឌូណេស៊ី ដោយសារតែចំណាត់ថ្នាក់ប្រហាក់ប្រហែលគ្នា និងស្ថិតនៅ Pot 1 ជាមួយគ្នា រីឯក្រុមកោះហ្កាម និងឆាយនីសតៃប៉ិ ស្ថិតនៅ Pot 2 ជាមួយគ្នា។
សម្រាប់ការប្រកួតវគ្គ Play-Off ពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី នេះ នឹងត្រូវឡើងចំនួន២ជើង ខណៈជើងទី២ និងរៀបចំឡើងនៅថ្ងៃទី៧ ខែកញ្ញា រីឯជើងទី២ នឹងធ្វើនៅថ្ងៃទី១២ ខែតុលា ហើយក្រុមឈ្នះ នឹងត្រូវចូលរួមប្រកួតជាមួយ២២ក្រុមទៀត នៅវគ្គជម្រុះជុំទី៣នៃពានរង្វាន់ AFC Asian Cup 2023។
យ៉ាងណាក៏ដោយ សម្រាប់ការធ្លាក់មកលេងនៅវគ្គ Play-Off នេះ ទាំងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិកោះហ្គាម សុទ្ធតែទទួលបានភាពជូរចត់ នៅក្នុងការប្រកួត ជុំទីពីរ នៃពានរង្វាន់ FIFA World Cup និង Asian Cup 2022 ដោយក្រុមទាំង២នេះ សុទ្ធតែបានចាញ់ទាំង៨ប្រកួតដូចគ្នា សម្រាប់ការប្រកួតជម្រុះ នៅតាមពូលរៀងៗខ្លួន ដែលទើបបានបញ្ចប់កាលពីពេលថ្មីៗនេះ។
តាមប្រវត្តិជួបគ្នារវាងក្រុមទាំង២នេះ ក្រុមជម្រើសជាតិកម្ពុជា ក្រោមដឹកនាំរបស់គ្រូបង្វឹកអូស្ត្រាលី លោក Scott O’Donnell បានយកឈ្នះហ្កាម ៣-០ នាការប្រកួត AFC Challenge Cup 2006 នៅបង់ក្លាដែស ប៉ុន្តែការជួបគ្នា នៅក្នុងប្រកួតមិត្តភាពអន្តរជាតិ កាលពីឆ្នាំ២០១៣ ក្រុមកម្ពុជា ដែលដឹកនាំដោយលោក Lee Tae Hoon បានចាញ់ហ្គាម ២-០ វិញ៕



