ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម​២៣​ឆ្នាំ នឹង​ត្រូវ​ប្រឈមជាមួយការ​ប្រកួតដ៏សែន​លំបាក នៅ​ក្នុង​ការ​ប្រកួត​វគ្គជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី អាយុក្រោម ២៣ ឆ្នាំ AFC U23 ASIAN CUP UZBEKISTAN 2022 ខណៈពួកគេ ត្រូវ​ឈរ​នៅ​ក្នុង​ពូល​ជាមួយក្រុមលំដាប់​ខ្លាំង ប្រចាំ​នៅតំបន់អាស៊ី​នោះ។

តាម​រយៈការ​ចាប់ឆ្នោត AFC U23 ASIAN CUP UZBEKISTAN 2022 ដែល​ទើប​ត្រូវបាន​ធ្វើ​ឡើង នៅថ្ងៃសុក្រ​នេះ ក្រុមគោព្រៃ​កម្ពុជា បានចាប់​ឆ្នោត ឈរ​នៅពូល​K ជាមួយ​​ក្រុម​U23ជម្រើសជាតិជប៉ុន និងក្រុម​U23 កូរ៉េខាងត្បូង ដែលជាម្ចាស់ជើងឯក ពាន AFC U23 ASIAN Cup នេះ កាលពី​ឆ្នាំ​២០២០ ក្រោយពួកគេបាន​យកឈ្នះក្រុម​អារ៉ាប់ប៊ីសាអូឌីត ១-០ នៅម៉ោងបន្ថែមនាទី ១១៣ ដោយខ្សែការពារ Jeong Tae-Wook។

បើទោះបីជាពូលk នេះ មានតែ​៣​ក្រុម ប៉ុន្តែ​បើ​យោងទៅតាមកម្រិតលេង​របស់ក្រុមU23 ជម្រើសជាតិជប៉ុន និងក្រុមកូរ៉េខាងត្បូង អាច​បង្ហាញ​ឱ្យ​ឃើញ​រួច​ទៅហើយថា ក្រុម​កម្ពុជា នឹង​ទទួលបានភាព​ជូរចត់​ជាមួយ​ម្តងទៀត បើទោះបីជា ក្រុម​គោព្រៃ​កម្ពុជា ដឹកនាំ​ដោយ​វីរៈបាល់ទាត់របស់ជប៉ុន លោក Keisuke Honda ក៏​ដោយ។

យ៉ាង​ណាក៏ដោយ សម្រាប់ការ​ប្រកួតជម្រុះតាមពូលនេះ ដែលគ្រោងនឹង​ធ្វើ​ឡើង ពី​ថ្ងៃទី ២៣ ដល់៣១ តុលា ២០២១ ត្រូវបាន​គេរំពឹង​ថា នឹង​ជួយ​ឱ្យក្រុម​ជម្រើសជាតិ​កម្ពុជា ទទួលបាន​បទពិសោធថ្មីៗបន្ថែម​ទៀត ដើម្បីយក​មកពង្រឹងសមត្ថភាព ត្រៀមការ​ប្រកួតស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ ដែល​បានសម្រេច​​លើកពេល ទៅ​ធ្វើ នៅ​ឆ្នាំ​២០២២។

គួរបញ្ជាក់ថា ការ​ប្រកួត​វគ្គជម្រុះនេះ មានក្រុមតំណាង​ឱ្យ​ប្រទេសចំនួន​៤២ បាន​ចូលរួមប្រកួត ដោយបែងចែកជា ១១ ពូល គឺពូលA ដល់ K ។ នៅក្នុងចំណោមពូលទាំងនេះ គឺមានតែពូល F និង K ប៉ុណ្ណោះ មាន​៣​ក្រុម ខណៈ​ពូល​ផ្សេង​ទៀត មាន​៤​ក្រុម។

សម្រាប់ការប្រកួតជម្រុះនេះ គឺត្រូវយក១៥ក្រុម ឡើងទៅលេងនៅទឹកដី អូបេគីស្ថាន។ ក្នុងនោះពូលនីមួយៗ គឺយកអ្នកឈរលេខ១ នៅក្នុងតារាង ទាំង១១ពូល។ ចំណែក៤ក្រុមទៀត គឺត្រូវជ្រើសចេញពីក្រុម ដែលទទួលបានចំណាត់លេខ២ល្អជាងគេ៕