សហព័ន្ធខ្មែរ​កីឡា​ហែល​ទឹក​កាល​ពីពេល​ថ្មីៗ​បាន​រៀបចំ​ការ​ប្រកួត​បាល់​ទឹក ដើម្បី​អបអរទិវា​ហែល​ទឹក​ពិភព​លោក Fina world Aquatics Day ដែល​ត្រូវ​បាន​លើក​ពេល​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។

ក្រៅ​ពី​ផ្តល់​ភាព​រីករាយ​ដល់​កីឡាករ​កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា ការ​ប្រកួត​នេះ​ជា​ឱកាស​ក្នុង​ការ​ផ្សព្វ​ផ្សាយ និង​បំផុសពីវិស័យកីឡា​ហែល​ទឹក នៅកម្ពុជា ជាពិសេស​លើ​វិញ្ញាសា​បាល់​ទឹក ដែល​ជាវិញ្ញាសាថ្មី​ សម្រាប់​កម្ពុជា​នេះ​តែម្តង។

ការប្រកួត​មិត្តភាព​កីឡា​បាល់ទឹក​ជា​ការ​ប្រកួត ដើម្បី​អបអរទិវា​ហែល​ទឹក​អន្តរ​ជាតិ​ក៏​ពិត​មែន តែ​សម្រាប់​លោក ហែម គីរី អគ្គលេខាធិការ​នៃសហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក វាជា​ឱកាស​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ និង​បំផុត​វិញ្ញាសា​បាល់ទឹក​ឱ្យ​យុវជន​បាន​ស្គាល់ ក៏​ដូច​ជា​ទាក់​ទាញ​ពួកគេ​ឱ្យ​ចូល​រួម​ហ្វឹក​ហាត់​លើ​ប្រភេទ​វិញ្ញាសា​នេះ​ជា​ដើម។ ការ​ធ្វើបែប​នេះ ក៏ជា​ការ​ឆ្លើយ​តប​នឹង​យុទ្ធ​សាស្ត្រ និង​ផែន​ការ​របស់​សហព័ន្ធ ដែលបាន​ដាក់ចេញ ដើម្បីអភិវឌ្ឍន៍​វិស័យ​កីឡាហែល​ទឹក ជាពិសេស​លើវិញ្ញាសា​នេះតែម្តង។

លោក ហែម គីរី បានបញ្ជាក់​ពី​គោល​បំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ​យ៉ាង​ដូច្នេះថា៖​«គោល​បំណងដែល​យើង​ការងារនេះ គឺចង់​បំផុស​វិស័យ​កីឡាហែល​ទឹកនៅ​កម្ពុជា​ឱ្យ​បាន​ផុល​ផុស​តាម​ការ​ចង្អុល​បង្ហាញ​របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ ដែល​លោក​ចង់​ឱ្យ​មានសកម្មភាព និងការបង្កើតការប្រកួតកីឡាបាល់​ទឹក​ឲ្យកាន់​តែ​ផុលផុស។ តែ​ដោយសារ​កូវីដ-១៩ យើងមានបញ្ហា​ប្រឈម​ច្រើន​ណាស់ ដែល​មិន​អាច​អនុវត្ត​ផែនការ​ការងារ​ប្រចាំ​ឆ្នាំ​តាំងពីឆ្នាំ​២០២០ មកទល់​ពេល​នេះ។ ដូច្នេះ​យើង​យកការ​ប្រកួត​មួយ​នេះ ដើម្បី​អបអរ​ទិវា​ហែល​ទឹក​អន្តរ​ជាតិ​ផង ក៏​ដូចជា​បំផុស​ឲ្យ​ប្រជា​ពលរដ្ឋ​ស្គាល់​កីឡា​បាល់ទឹក​នេះកាន់​តែ​ច្រើន»។

អគ្គលេខាធិការ​រូបនេះ​ ក៏បាន​បង្ហាញ​ពីផែនការ​ក្នុង​ការ​រៀបចំ​កម្ម​វិធី និង​ការ​ប្រកួត​ផ្សេងៗ​ជាច្រើន​ទៀតផងដែរ នៅ​ពេល​ខាង​មុខ ប្រសិនបើការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅ​កម្ពុជា​មាន​ភាព​ធូរ​ស្បើយ។ សូមបញ្ជាក់ផងដែរ​ថា តាម​គម្រោង​ការ​រៀបចំ​ទិវាហែលទឹក​អន្តរជាតិ​គ្រោងរៀបចំ​តាំង​ពី​អំឡុងខែឧសភា មកម្ល៉េះ តែ​ត្រូវ​បាន​លើក​ពេល​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺកូវីដ-១៩។

ការ​ប្រកួត​កីឡាបាល់ទឹក​ខាងលើ​ធ្វើឡើង​តែ​ក្នុង​ក្របខណ្ឌ​កីឡាករកីឡាការិនី​ជម្រើស​ជាតិ​តែ​ប៉ុណ្ណោះ៕