ខ្សែ​ប្រយុទ្ធ​របស់កាណាដា Marcus Haber បានបំបែកកំណត់ត្រា ​ការ​រក​បាន​ម្នាក់​៣​គ្រាប់ ក្នុង​មួយ​ប្រកួត​​របស់​ខ្សែ​ប្រយុទ្ធ​ ចាន់ វឌ្ឍនាកា Marcio និងខ្សែ​ប្រយុទ្ធ Abee Adjoo ដើម្បី​ក្លាយ​ជា​កីឡាករ​ដំបូង​គេ ដែល​រក​បាន​រហូត​ដល់​៤​គ្រាប់តែ​ម្នាក់ឯង ក្នុង​មួយ​ប្រកួត សម្រាប់​ការ​ប្រកួតលីគកំពូល​កម្ពុជា ប្រចាំ​ឆ្នាំ​២០២១នេះ ប៉ុន្តែ​ក្រុម​ភ្នំពេញ​ក្រោន ដែល​បាន​ទន្ទឹង​រង់ចាំ​ការ​ប្រកួតដោយ​អន្ទះសារ​នោះ នៅ​តែ​មិនអាច​បំពេញ​តាមការ​ចង់បាន ខណៈជំនួប​ជាមួយ​ក្រុម​នគរ​បាលជាតិ ត្រូវបាន​ពន្យារពេល ដោយ​សារ​ការ​រក​ឃើញ​កីឡាករ​ម្នាក់ បាន​ឆ្លងជំងឺ​កូវីដ​១៩​នោះ។

ការ​បង្កើតបាន​កំណត់​ត្រា​ថ្មី ក្នុងនាមជា​កីឡាករ​ ដែល​រក​បាន​ ​៤ គ្រាប់តែម្នាក់ ក្នុងមួយប្រកួតបាន​មុនគេ នៅ​ក្នុង​រដូវ​កាល​ថ្មី ឆ្នាំ​ ២០២១ នេះ​គឺ​បានកើតមាន​ឡើង នៅ​ពេល​ក្រុម​វិសាខា បាន​លត់ក្រុមអាស៊ីអាស៊ីអឺរ៉ុប ៩-០ កាលពី​ថ្ងៃសៅរ៍ ដោយការ​ប្រកួតនេះ Marcus Haber រក​បាន​៤​គ្រាប់តែ​ម្នាក់ឯង ចំណែក​ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyemi Korede និងប្រធានក្រុម កែវ សុខផេង រក​បាន​​២​គ្រាប់ដូចគ្នា ហើយ​១​គ្រាប់​ទៀត រក​បាន​ដោយ​ខ្សែបម្រើ ទិត្យ ឌីណា។

ការ​រក​បាន ៤ គ្រាប់តែ​ម្នាក់ឯង​របស់កីឡាករ​ពាក់លេខ​១១ Marcus Haber វាបាន​ក្លាយជាកំណត់ត្រា​ថ្មី ក្នុង​លីគកំពូល​កម្ពុជា ប្រចាំ​ឆ្នាំ​ ២០២១ នេះ ព្រោះគិតមកដល់ពេលនេះ នៅមិនទាន់មាន​កីឡាករ​រូបណា​រកបាន ​៤ ​គ្រាប់​តែ​ម្នាក់ឯង ក្នុង​មួយប្រកួត​នោះ​ទេ ខណៈ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​របស់ក្រុម​បឹងកេត ខ្សែ​ប្រយុទ្ធ Abee Ndjoo របស់ក្រុម​​អាស៊ីអាស៊ីអឺរ៉ុប និងខ្សែ​ប្រយុទ្ធ Marcio របស់ក្រុមណាហ្គាវើលដ៍ រក​បានត្រឹម​ ៣ គ្រាប់ ក្នុង​មួយ​ប្រកួត​ដូចគ្នា។

សម្រាប់ការ​ប្រកួត កាលពី​ថ្ងៃសៅរ៍​នោះ​ដែរ ​ក្រុម​បឹងកេត បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ​គិរីវង់សុខសែនជ័យ ត្រឹម ១-០ យ៉ាងតានតឹងបំផុត ដែល​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែប្រយុទ្ធ ឱ ភារុណ នៅ​នាទីទី៩០+៦។ ចំណែក​ក្រុម​ម្ចាស់​ផ្ទះ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម​សូលទីឡូអង្គរ ត្រឹម ២-១ ទាំង​លំបាក​ ហើយ​ក្រុមកងយោធពល​ខេមរភូមិន្ទ ក៏​បាន​យកឈ្នះក្រុម​ម្ចាស់​ផ្ទះ ខេត្ត​ព្រៃវែង ២-១ ដូចគ្នា។

យ៉ាង​ណា​មិញ សម្រាប់ជំនួប​រវាង​​ក្រុម​ម្ចាស់​ផ្ទះ នគរបាលជាតិ និង​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន ដែល​ត្រូវ​ធ្វើ​នៅកីឡដ្ឋាន 7NG ខាង​ពី​ថ្ងៃអាទិត្យ ម្សិល​មិញ ត្រូវបាន​គណៈកម្មការ​ប្រកួត​បាល់​ទាត់ជាតិ​កម្ពុជា (CNCC) សម្រេច​ពន្យារ​ពេល​ប្រកួត ដោយ​មិនទាន់​បង្ហាញ​ពីកាល​បរិច្ចេទ​ថ្មី នោះ​ឡើយ​ទេ ហើយការ​លើក​ពេល​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោន ដែលបាន​ទន្ទឹង​រង់ចាំ​ការ​ប្រកួត​នេះ អស់​រយៈពេល​ជាង១​ខែ​មក​ហើយ​នោះ នៅតែ​មិនអាច​សម្រេច​បំណង ក្នុងការ​វិល​មក​បង្ហាញ​សមត្ថ​ភាព នៅ​លើ​ទី​លានជា​ថ្មី ខណៈ​៤​ប្រកួត​កន្លង​មកនេះ ពួកគេ​បាន​ឈ្នះ​ទាំង​អស់។

ជុំវិញ​ការ​លើក​ពេល ​នៃ​ការ​ប្រកួត​រវាងក្រុម​ភ្នំពេញ​ក្រោន និង​ក្រុមនគរបាលជាតិ នេះ ត្រូវ​​បាន ខាង CNCC បញ្ជាក់​ថា ការប្រកួត រវាងក្លិបនគរបាលជាតិ និង​ភ្នំពេញក្រោន ត្រូវ​លើក​ការ​ប្រកួត ដោយមូលហេតុរកឃើញនូវករណីវិជ្ជមាន នៃជំងឺកូវីដ១៩ លើកីឡាករ១រូប របស់ក្លិបនគរបាលជាតិ។

 

CNC បាន​បន្ថែម​ថា ដោយ​សិក្សា​អំពី​ទំហំ និង​បង្កា​ករណី​ហានិភ័យ​អាច​បន្ត​ទៅ​ក្លិប​ដទៃ ដូច្នេះ​នៅថ្ងៃទី ១១/០៧/២០២១ នេះមន្ត្រី និងកីឡាករដ៏ទៃទៀតទាំងអស់ ក្នុងក្រុមនគរបាលជាតិ តម្រូវ​ទៅ​យកសំណាក ដោយប្រភេទ PCR Test របស់មន្រ្តី និង​កីឡាករក្លិប។ លទ្ធផលនឹងបាននៅ ២ ឬ៣ថ្ងៃបន្ទាប់ ហើយ​ក្រុម​ត្រូវ​តែ​ធ្វើ​ចត្តាឡីស័ក​តាម​វិធាន​សុខាភិបាល ដូច្នេះការប្រកួតរវាងក្លិបនគរបាលជាតិ និងក្លិបភ្នំពេញក្រោន នៅ​ថ្ងៃ​ល្ងាច ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ២០២១នេះ នឹងត្រូវការផ្អាកជាបណ្តោះអាសន្នសិន ហើយ កាល​បរិច្ឆេទថ្មី​នឹង​ជម្រាបនៅពេលក្រោយ។

ចំណែក​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់ផ្ទះ អង្គរថាយហ្គឺរ និង​ក្រុមអគ្គិសនី​កម្ពុជា ដែល​ត្រូវ​ធ្វើ​នៅថ្ងៃ​នេះ ត្រូវបាន​លើក​ពេល ទៅធ្វើ​នៅ​រសៀល​ម៉ោង ៣:៣០ ថ្ងៃអង្គារ​ស្អែក​វិញ ដោយសារ​តែ​ការ​ធ្វើ​តេស្តលើកទី១ កាល​ពី​ថ្ងៃទី​៩ ខែកក្កដា ក្លិបអគ្គីសនីកម្ពុជា រកឃើញកីឡាករ ១ នាក់ (វិជ្ជមាន) ដូច្នេះមន្ត្រី និងកីឡាករដ៏ទៃទៀតដែល (អវិជ្ជមាន) រង់ចាំតេស្តលើកទី២ ក្រោយ៤៨ ឬ៧២ម៉ោង ខណៈ​តេស្តលើកទី២​ បាន​ធ្វើពី​ព្រឹក​​ថ្ងៃអាទិត្យ ១១/០៧/២០២១៕