បរទេស៖ ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេស Bukayo Saka បានបញ្ជាក់ថា ផ្លាតហ្វមបណ្តាញសង្គមដ៏មានប្រជាប្រិយភាពនានា មិនទាន់ចាត់វិធានការឲ្យបានគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការរើសអើងជាតិសាសន៍នៅលើអនឡាញឡើយ ក្រោយពីរូបគេនៅតែទទួលបានសាររើសអើង ក្រោយពីការស៊ុតបាល់ប៉េណាល់មិនចូលទីរបស់គេ ក្នុងការប្រកួត Euro វគ្គផ្តាច់ព្រ័ត្រជាមួយនឹងអ៊ីតាលី កាលពីថ្ងៃអាទិត្យ។

កីឡាករបម្រុង Marcus Rashford, Jadon Sancho និង Saka សុទ្ធសឹងស៊ុតបាល់ប៉េណាល់ទីមិនចូលទី ក្នុងពេលចាញ់ក្នុងលទ្ធផល ៣-២ ក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ីតាលី ហើយ Saka ដែលបានបង្ហូរទឹកភ្នែក ក្រោយពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ បានសរសេរសារសុំទោសដល់អ្នកគាំទ្រ ខណៈដែលការរង់ចាំការឈ្នះពានធំមួយក្នុងរយៈពេល៥៥ឆ្នាំរបស់អង់គ្លេស នៅតែបន្ត។ Saka វ័យ១៩ឆ្នាំ បានថ្លែងអំណរគុណដល់អ្នកដែលបានផ្ញើរសារគាំទ្ររូបនេះ និងធ្វើយុទ្ធនាការប្រឆាំងនឹងការរើសអើង តាមរយៈការនិយាយថា៖ «សេចក្តីស្រឡាញ់ តែងតែឈ្នះជានិច្ច» ប៉ុន្តែ បានសន្យាថា រូបគេនឹងរក្សាជំហដ៏រឹងមាំរបស់គេ ប្រឆាំងនឹងសារស្អប់ដែលរូបគេទទួលបានតាមអនឡាញ។

Saka បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ប្រតិកម្មរបស់ខ្ញុំបន្ទាប់ពីការប្រកួត បានបង្ហាញឲ្យឃើញយ៉ាងច្បាស់។ ខ្ញុំពិតជាឈឺចាប់ណាស់ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំបានធ្វើឲ្យអ្នកទាំងអស់គ្នា និងគ្រួសារអង់គ្លេសរបស់ខ្ញុំ បាក់មុខ ប៉ុន្តែ ខ្ញុំអាចសន្យាបានថា ខ្ញុំនឹងមិនអនុញ្ញាតឲ្យពេលវេលានេះ ឬភាពអវិជ្ជមាន ដែលខ្ញុំបានទទួលនៅសប្តាហ៍នេះ បំបែកខ្ញុំបានឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia
