បរទេស៖ ក្លិប Celtic បានប្រកាស​កាលពីថ្ងៃ​សុក្រ​ពីការ​ចុះហត្ថលេខា​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ជប៉ុន Kyogo Furuhashi ដែល​ជា​រក​បានគ្រាប់បាល់​ច្រើន​ជាង​គេ​ប្រចាំ​ក្រប​ខ័ណ្ឌ J1-League ពីក្លិប Vissel Kobe ក្នុងកិច្ច​សន្យា​រយៈ​ពេល​៤ឆ្នាំ​។

Furuhashi ដែល​បាន​លេង​ជា​ដៃគូ​ជាមួយនឹង​ប្រធាន​ក្រុម Andres Iniesta នៅ​ប្រទេស​ជប៉ុន​នោះ គឺ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​៤​របស់​ក្លិប Celtic បន្ទាប់​ពីការ​ចូល​រួម​របស់​​កីឡាករ Liam Shaw និង Osaze Urhoghide ពីក្លិប Sheffield Wednesday និង Liel Abada ពីក្លិប Maccabi Petah Tikva​។ Furuhashi ដែល​បានស៊ុត​បាល់បញ្ចូល​ទី​១៤​គ្រាប់​ក្នុងការ​ប្រកួត​លីក​២០​លើកនៅ​រដូវកាល​នេះ នឹង​​ធ្វើ​ដំណើរ​ទៅ​ដល់ទីក្រុង Glasgow ដើម្បី​ជម្រះ​ឯកសារ​អន្តរ​ជាតិ​។ លោក Ange Postecoglou អ្នក​ចាត់ការ​ទូទៅ​របស់ Celtic ដែល​ទើប​តែ​​ទៅ​​ដឹកនាំនៅ​ប្រទេស​ស្កុត​ឡេន បន្ទាប់​ពី​ចំណាយ​ពេល​ដឹកនាំ​ក្លិប Yokohama F. Marinos នៅ​​ជប៉ុននោះ បាន​និយាយ​ថា រូប​លោក​ដឹង​យ៉ាងច្បាស់ពី​គុណ​ភាពដែល Furuhashi នឹង​ផ្តល់​មក​ឲ្យ​។

អតីត​គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​អូ​ស្ត្រាលី​រូបនេះ បាន​ឲ្យដឹងថា៖ «យើង​ពិត​ជា​រីករាយណាស់ក្នុងការនាំ​យក Kyogo Furuhashi មកកាន់ Celtic​។ រូប​គេ​ជាកីឡាករ​ម្នាក់​ដែលមាន​គុណ​ភាព​ពិត​ប្រាកដ និង​ជាមនុស្ស​ដែលខ្ញុំស្គាល់​យ៉ាង​ច្បាស់​»​។ Furuhashi ដែល​បានស៊ុត​បាល់បញ្ចូល​ទី​៣គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៦​លើក​សម្រាប់​ជប៉ុន​នោះ បាន​ជួយ​​ឲ្យ Vissel Kobe ឈ្នះ​ពាន​២លើក​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ពួក​គេ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia