កីឡាករ​ជើង​ចាស់ ធា នុរាជ ត្រូវ​បាន​គូ​ប្រកួតវ៉ៃ​ឡើង​ចង់ទក់សាច់ មិនពេល​​សន្លប់ធំ សម្រាប់ការ​បង្ហាញ​ខ្លួន ​ក្នុងព្រឹត្តិការណ៍​ថ្មី Onestrike នៅ​សង្វៀន PNN ចំណែក សេក គឹមសាន្ត បាន​ទម្លាក់ សយ សុខ ក្នុង​វគ្គជម្រុះ​បើក​ឆាក ប៉ុន្តការ​ប្រកួតទាំង​២​គូ​នេះ មិន​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ដូច​ការ​ប្រកួតម៉ារ៉ាតុងដណ្តើម​ប្រាក់​លាន រវាង​កីឡាករ​ថ្នាល​ជំនាន់ថ្មី នោះ​ទេ។

បើ​ទោះបីជា ធា នុរាជ មាន​បទពិសោធ​ប្រកួតច្រើន នៅលើ​សង្វៀន ប៉ុន្តែ​សម្រាប់ការ​បង្ហាញ​ខ្លួន ​ក្នុង​​ព្រឹត្តិការណ៍ Onestrike ដែល​​មានត្រឹម​​២​​ទឹក​ ហើយ​១​​ទឹក ​​មាន​​​៧​​នាទី​នេះ ធា នុរាជ ត្រូវ​បានជើង​ថ្មី សោម ពិសិដ្ឋ វាយ​ឡើង​ចង់ទក់សាច់ មុនពេល​សន្លប់​ នៅទឹកទី​២។

តាម​រយៈការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ ធា នុរាជ ធ្វើបានល្អ​​តែ​​ដើមទឹក​ទី​១​ទេ តែ​នៅចុងទឹកនេះ រូបគេ​ត្រូវបាន សោម ពិសិដ្ឋ ​វាយកែងដួល​ នាំ​ឱ្យ​អាជ្ញាកណ្តាល​រាប់ និងបន្ត​​រាប់​ជា​លើក​ទី​២ នៅពេល ពិសិដ្ឋ បាន​លោតបុកជង្គង់ថែម ​ចូលពេញ​ទៀតនោះ ប៉ុន្តែ​សំឡេង​ស្នូរជួង​បញ្ចប់ការ​ប្រកួតទឹកទី​១ ជួយ​សង្គ្រោះ​ ធា នុរាជ បាន​មួយគ្រា។

យ៉ាង​ណា​ក៏​ដោយ ឈាន​ចូលទឹក​ទី​​២ សោម ពិសិដ្ឋ បានសំដៅ​ទៅ​លើ​កញ្ចឹងក ធា នុរាជ ​ខ្លាំងៗ  ហើយ​ស្ថិត​ក្នុងពេល​ដែល ធា នុរាជ ចាប់​ផ្តើម​​​វង្វេងវង្វាន់​ជាថ្មីនោះ ពិសិដ្ឋ បាន​ម៉ាត់​ចូលពេញ រួច​បន្ថែម​ដោយជង្គង់ឆ្វេង​ចូលពេញ បណ្តាល​ឱ្យ​ ធា នុរាជ ដួល​ដេក ត្រូវជ្ញាកណ្តាល​រាប់ ជា​លើក​ទី​៣ និង​ឈាន​ដល់ការ​សន្លប់ធំ​ ក្រោកលែង​រួច​តែម្តង នៅពេល ពិសិដ្ឋ បាន​ទាត់​ចូល​ដើម​ទ្រូង ឡើង​ខ្ទាត់ និងដួលផ្កាប់​មុខ ទាំង​ជំហរ​នោះ។

ជាមួយការ​បរាជ័យ​យ៉ា​ងគ្រាំ​គ្រា​នេះ ធា នុរាជ បាន​ក្លាយជា​កីឡាករ​ទី​​៣ ដែលបាន​សន្លប់ ក្នុងការប្រកួត ​ Onestrike នេះ ខណៈ ២សប្តាហ៍​កន្លងមកនេះ ភិន ​សុចាន់ទី​ និងឃន គឹមហេង ក៏​​បានសន្លប់ ក្នុង​ព្រឹត្តិការណ៍នេះដែរ ប៉ុន្តែ​ការ​សន្លប់​របស់ ធា នុរាជ ពិតជា​គ្រាំគ្រា​ខ្លាំង ព្រោះ​រូបគេ ត្រូវបាន​អ្នក​ឱ្យ​ទឹក​ជួយគ្រា​ចុះពី​លើ​សង្វៀន​ទាំង​វេទនា។ ចំណែក សោម ពិសិដ្ឋ បាន​ទទួលប្រាក់រង្វាន់បន្ថែម​ចំនួន១លា​នរៀល ចំពោះការ​ផ្តួល​ ធា នុរាជ  ឱ្យ សន្លប់នេះ។

ចំណែក​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​វិញ កីឡាករ​ជើង​ថ្មី សយ សុខ ដែលបានបង្ហាញ​ក្តីបារម្ភ​ខ្លាំង និង​ខ្លាច​សមត្ថ​ភាព​រៀមច្បង សេក គឹមសាន្ត តាំង​ពីមុនការ​ប្រកួតនោះ ពិតជា​បាន​ជួបការ​បរាជ័យ​មែន និងបាន​ធ្លាក់​ចេញពី​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នេះ ត្រឹម​វគ្គជម្រុះ​បើក​ឆាក​១៨នាក់​នេះ​តែម្តង។

តាម​រយៈ​ការ​ប្រកួត​នោះ សយ សុខ បានព្យាយាម​វាយ​បក​សង​ទៅ​លើ សេក គឹមសាន្ត រហូត​ចប់​៥ទឹក​ពេញ ប៉ុន្តែ​ការ​វាយ​​ចេញ​របស់ សេក គឹមសាន្ត ចំគោលដៅ​បាន​ល្អ​ជាង ជាហេតុ​នាំ​ឱ្យ​ចៅ​ក្រមទាំង​៥ សម្រេច​ផ្តល់​ពិន្ទុឱ្យ គឹមសាន្ត ឈ្នះ​ពិន្ទុ សយ សុខ ជាឯកច្ឆន្ទ ៥-០ តែម្តង។ ហេតុ​នេះ សេក គឹមសាន្ត បាន​ក្លាយ​​ជា​បេក្ខភាពទី​៣ ដែល​​ត្រូវ​​ឡើង​ទៅ​អង្គុយចាំ នៅវគ្គ​៨នាក់​ចុងក្រោយ ជាមួយ​ជើង​ខ្លាំង ប៊ុន សុធា និង ឡុង រ៉ាមី ដែល​សុទ្ធតែ​បាន​ឈ្នះ នៅ​ក្នុងវគ្គនេះ។

យ៉ាងណា​ក៏​ដោយ ​ការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់លានរវាង​កីឡាករ​ថ្នាល​គុនខ្មែរ​ជំនាន់​ថ្មី ធន់ ដារ៉ា, លីន សុផែន, សូដា ម៉ាឡាយ និង ឡុង ស៊ីណាត ពិតជា​មានការ​ជក់​ចិត្តខ្លាំង និង​ទទួល​បានការគាំ​ទ្រ​ច្រើន ព្រោះ​អ្នកទាំង​៤​នេះ បាន​វាយ​គ្នា​អស់ពី​ចិត្តតែម្តង ជាពិសេស​ការ​ប្រកួត​ជម្រុះ​៣​ទឹក​រវាង ធន់ ដារ៉ា និង លីន សុផែន ព្រោះ​ ដារ៉ា បាន​ទាត់ សុផែន ឱ្យមាន​បញ្ហា​ជើង​ក្រោម និង​អាជ្ញាកណ្តាល​រាប់ តាំង​ពី​ទឹក​ទី​១ ប៉ុន្តែ សុផែន នៅតែ​ព្យាយាម​ចូលវាយប្តូរ​រហូត​ចប់​៣ទឹក និងចាញ់ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​

យ៉ាង​ណា​មិញ សម្រាប់ការ​ឡើង​ទៅ​ជួប សូដា ម៉ាឡាយ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ក៏មាន​ភាព​ស្វិតស្វាញ​ដែរ។ សូដា ម៉ាឡាយ ពេល​យក​ឈ្នះ ឡុង ស៊ីណាត នៅ​វគ្គជម្រុះ ហាក់​មិន​រឹងមាំ​ទេ ប៉ុន្តែ​ពេល​ឡើង​មក​ប៉ះ ធន់ ដារ៉ា គឺ​បាន​ចូល​វាយប្តូរ​អស់ពី​ចិត្ត ប៉ុន្តែនៅមិនអាច​ឈ្នះ ដោយ​ចាញ់​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ៤-១ ហេតុនេះ ដារ៉ា បាន​ក្លាយជើងឯក អម​ដោយប្រាក់រង្វាន់ ១,២​លាន​រៀល។

​​ដោយ​អត់​សរសេរ​ដល់ការ​ប្រកួត​រវាង​កីឡាករ​​វ័យ​ក្មេង​ទាំង​៤នាក់​នេះ មិនបាន លោក ស្រ៊ឺ ស្រេង ​ហៅ សំណព្វ អ្នក​​គ្រប់​គ្រង​ការ​ប្រកួត​ប្រដាល់ នៅសង្វៀន​ PNN បាន​និយាយ ក្នុងពេលលោក​ធ្វើ​ពិធីករ​ថា៖ «ខ្ញុំពិតជា​អរគុណ​និងសរសើរ​ខ្លាំង ដល់ប្អូនៗ គឺ​ខ្លួន​នៅ​ក្មេង និងតូចៗ​ទេ ប៉ុន្តែ​បានប្រឹង​ប្រែង​ប្រកួត គឺអស់ពី​សមត្ថភាពតែម្តង ធ្វើឱ្យ​អ្នក​គាំទ្រ​របស់​យើង មានការពេញចិត្ត និងជក់​ចិត្តខ្លាំង»៕