បរទេស៖ ក្លិបកាំភ្លើងធំ Arsenal បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើយុវជនអន្តរជាតិបែលហ្ស៊ិក Albert Sambi Lokonga ពីក្លិប Anderlecht ក្នុងកិច្ចសន្យារយៈពេលវែង។ តម្លៃខ្លួននៃការផ្ទេរនេះ បើទោះបីបិទជិតក៏ដោយ ប៉ុន្តែ ត្រូវបានគេជឿជាក់ថា មានចំនួន១៧,២លានផោន (ស្មើនឹង២៣,៥លានដុល្លារអាមេរិក)។
ក្រោយពីបានចូលរួមជាមួយនឹងក្លិប Anderlecht ក្នុងវ័យ១៥ឆ្នាំ Lokonga បានបង្ហាញខ្លួនក្នុងជម្រើសទាំង១១ដំបូងកាលពីខែធ្នូ ឆ្នាំាំ២០១៧ និងបានបន្តបង្ហាញខ្លួនរហូតដល់ទៅ៧៨លើក ដោយបានស៊ុតបាល់បញ្ចូលទី៣គ្រាប់។ លោក Mikel Arteta គ្រូបង្វឹកក្លិប Arsenal បានឲ្យដឹងថា៖ «Albert គឺជាកីឡាករប្រកបដោយភាពវ័យឆ្លាត ដែលបានបង្ហាញពីភាពចាស់ទុំដ៏អស្ចារ្យ។ រូបគេស្ថិតក្រោមការបង្វឹកយ៉ាងល្អពីលោកគ្រូបង្វឹក Vincent Kompany និងក្រុមការងាររបស់លោក នៅក្លិប Anderlecht។
ខ្ញុំស្គាល់ Vincent យ៉ាងច្បាស់ ហើយលោកតែងតែកោតសរសើរ Albert និងឥទ្ធិពលវិជ្ជមានដែលរូបគេផ្តល់ទៅឲ្យក្លិប Anderlecht ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ»។ លោក Arteta បានបន្ថែមទៀតថា៖ «យើងជឿជាក់ថា Albert ត្រៀមខ្លួនរួចរាល់សម្រាប់ជំហានបន្ទាប់ ក្នុងការអភិវឌ្ឍរបស់គេ ហើយយើងកំពុងតែសម្លឹងឆ្ពោះទៅកាន់ការស្វាគមន៍សមាជិកថ្មីចូលក្នុងក្រុមរបស់យើងជាមួយនឹងសមត្ថភាព និងវត្តមានរបស់គេ»៕
ប្រភពព័ត៌មាន៖ Channel News Asia


