បរទេស៖ ក្លិបទូកក្តោង Everton បានចុះហត្ថលេខាជាមួយនឹងអតីតខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេស Andros Townsend ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃអង្គារ។ Townsend វ័យ៣០ឆ្នាំ បានក្លាយជាកីឡាករដែលមិនជាប់កិច្ចសន្យាជាមួយនឹងក្លិបណាទាំងអស់ ក្រោយពីកិច្ចសន្យារបស់គេជាមួយនឹងក្លិប Crystal Palace បានផុតកំណត់កាលពីរដូវកាលមុន។
ការផ្ទេរទៅកាន់ក្លិបមានមូលដ្ឋាននៅ Merseyside មួយនេះ នឹងជួយឲ្យ Townsend ធ្វើការម្តងទៀតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីនៃក្លិប Everton លោក Rafael Benitez ក្រោយពីបានលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ នៅក្លិប Newcastle។ Townsend បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំគិតថា គ្រប់គ្នាស្គាល់ក្លិប Everton។ នេះគឺជាក្លិបកីឡាបាល់ទាត់ដ៏ធំមួយ មានមហិច្ឆតា និងជាក្លិបដែលកំពុងព្យាយាមវិលទៅកាន់ក្របខ័ណ្ឌអឺរ៉ុបវិញ និងលើសពីនេះ។
ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំអាចដើម្បីជួយដល់ក្លិបនេះ»។ ការតែងតាំងលោក Benitez ជាគ្រូបង្វឹក បាននាំឲ្យអ្នកគាំទ្រ Everton មិនពេញចិត្ត ដោយសារតែគ្រូបង្វឹករូបនេះ ធ្លាប់ដឹកនាំក្លិបជាគូបដិបក្ខគឺ Liverpool។ ប៉ុន្តែ ទោះបីជាយ៉ាងណា Townsend បាននិយាយថា៖ «លោក Rafa គឺជាគ្រូបង្វឹកពោរពេញដោយបទពិសោធ។ គាត់បានធ្វើការងារជាច្រើនលើផ្នែកបច្ចេកទេសលើទីលានហ្វឹកហាត់»៕
ប្រភពព័ត៌មាន៖ Channel News Asia


