ការ​ប៉ន​ប៉ង​​ដាក់កីឡាប្រដាល់គុនខ្មែរ ឬ ​គុនខ្មែរ ដើម្បី​ឱ្យ​អន្តរជាតិ​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា ជា​របស់​ខ្មែរ​នោះ ហាក់លែង​មាន​ច្រក​ទៀត​ហើយ បន្ទាប់ពី​​​ប្រដាល់ Muay Thai ​របស់​ថៃ ដែលមាន​លំនាំ​ប្រកួត​ដូច​គុនខ្មែរ ត្រូវបានគណៈ​កម្មការ​ប្រ​តិបត្តិ​ នៃ​គណៈ​កម្មកាធិការ​អូឡាំពិក​អន្តរជាតិ (​IOC) ​​ប្រកាស​ទទួល​ស្គាល់ជា​ផ្លូវការ ​នៅ​ក្នុង​​កិច្ច​ប្រជុំ​​ លើក​ទី​១៣៨ របស់ ​IOC ​នា​​ទី​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មីៗ​នេះ។

​ការ​ប្រកួត​ទទួល​ស្គាល់​​កីឡាករ Muay Thai ពី​ស្ថាប័នកំពូល​របស់ IOC ​វាជា​ជោគ​ជ័យ​ដ៏​ធំ​ធេង​សម្រាប់​ប្រទេស​ថៃ ខណៈ​សហព័ន្ធ​ Muay Thai របស់ប្រទេស​នេះ កៀកគរ​បាន​ប្រទេស​ជា​សមាជិក​រហូត​ដល់ ១៤៦​ប្រទេស សម្រាប់ការ​ជំរុញ​ឱ្យមាន​ការ​ទទួលស្គាល់ពី​ IOC នេះ ដោយ Muay Thai បាន​ព្យាយាម​អស់​រយៈពេលជា​ច្រើន​ឆ្នាំមក​ហើយ ទម្រាំ​ទទួលបាន​លទ្ធផល ដូច​ពេលនេះ។

ផ្ទុយ​ពីនេះ ប្រជាជនកម្ពុជា ពិសេស​អ្នក​ស្រឡាញ់​ក្បាច់គុន​មរតក​ដូចនា «គុន​ខ្មែរ» បានការ​បាក់​ទឹក​ចិត្ត និងអស់​សង្ឃឹម ទៅនឹងដំណឹង​មួយនេះ ព្រោះការ​ប្រកាស​នេះ វា​ហាក់បិទច្រក សម្រាប់កម្ពុជា ក្នុងការ​ដាក់ គុនខ្មែរ ទៅ​លើ​ឆាក​អន្តរជាតិ​ទៅ​ហើយ បើទោះបីជាប្រវត្តិសាស្រ្ត​ពី​មុន ​ត្រូវបាន​គេ​ដឹង​ថា Muay Thai បាន​ចម្លង​ចេញពី​ប្រដាល់គុនខ្មែរ ក៏​ដោយ។​

យ៉ាង​ណា​ក៏​ដោយ លោក​ តែម ​ម៉ឺន ​ ​​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ហាក់​មិន​បាន​បង្ហាញការ​តូច​ចិត្ត ឬ​ភ្ញាក់​ផ្អើល ទៅនឹង​ដំណឹង​នៃ​ការ​ទទួល​ស្គាល់​របស់ Muay Thai ពី​ស្ថាប័ន IOC ប៉ុន្មាន​ឡើយ ហើយ​លោក​ក៏មិន​ខ្វល់​ទៅនឹងការរិះគន់ពី​មហាជន ទៅ​លើ​​សហព័ន្ធ​របស់លោក​ ដែល​មាន​ភាព​អសកម្ម ក្នុង​ការ​ជំរុញ​គុន​ខ្មែរ ទៅកាន់​ពិភព​លោក នោះ​ដែរ។

​លោក តែម ម៉ឺន បាន​ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​​ថ្លែង​​ថា​៖ «​ការ​ទទួល​ស្គាល់​កីឡា​ Muaythai (ពី IOC) ​ជា​កិច្ច​ការ ​តាម​លក្ខខណ្ឌ​របស់​គេ អ៊ីចឹង​​យើង​មិន​អាច​មាន​មតិ ​ឬ​យោបល់​យ៉ាង​ណា​ទេ​ ចំណែក​មតិ​របស់​មហា​ជន ​ដែល​មាន​ការ​គាំ​ទ្រ ​ឬ​រិះ​គន់​ថា ​កីឡា​គុន​ខ្មែរ​ មិន​រីក​ចម្រើន​ដូច​គេ ​ក៏​​ជា​សិទ្ធិ​ឯក​ជន​របស់​គេដែរ ​ដែល​យើង ​គ្មាន​សិទ្ធិ​ ហាម​ឃាត់ពួក​​គេ​បាន​ទេ»​។​

លោក​ តែម ម៉ឺន ដែល​ជា​អគ្គ​លេខាធិការរង ​NOCC ​ផង​នោះ បាន​ប្រាប់​បន្ថែម​ថា​៖ «​គ្រប់​ប្រភេទ​​កីឡា​ទាំង​អស់ ​នៅ​លើ​ពិភព​លោក​ សុទ្ធ​តែ​មាន​ការ​ប្រ​កួត​ប្រជែង ​ហើយ​លទ្ធផល ​វា​អាស្រ័យ​ទៅ​លើ​សមត្ថភាព ​និង​ធន​ធាន​តាម​ប្រទេស​រៀងៗ​ខ្លួន​ ពោលគឺ​​មិន​អាច​ចោទ ​ឬ​ទម្លាក់​កំហុស​ ទៅ​ខាង​ណា​បាន​ឡើយ»​​។

យ៉ាង​ណា​ក៏ដោយ លោក​ វ៉ាត់​ ចំរើន ​អគ្គលេខាធិការ NOCC ដែលកំពុង​​ដឹក​នាំ​ប្រតិភូ​កីឡាកម្ពុជា ​ចូល​រួមការ​ប្រកួត​កីឡាអូឡាំពិក នៅ​ទី​ក្រុង​តូក្យូ​ ឆ្នាំ​២០២០ នេះ ស្រាប់​ បាន​ពន្យល់​ពី​អត្ថន័យពិត​នៃ​ការ​ប្រកួត​របស់ IOC យ៉ាង​ដូច្នេះ​​ថា​៖ «​IOC ​​​ទទួល​ស្គាល់​កីឡា​ Muaythai ​និង​សហព័ន្ធ​អន្តរជាតិ​ នៃ​សមាគម​ IFMA ព្រម​ទាំង​ប្រភេទ​ជា​ច្រើន​ទៀតនេះ ​ក្នុង​កម្រិត​ជា​ប្រភេទ​កីឡា​ កំពុង​មាន​ប្រ​ជា​ប្រិយ ​មាន​ចលនា​សកម្មប៉ុណ្ណោះ គឺ​​មិន​មែន​ទទួល​ស្គាល់​ ជា​ប្រ​ភេទកីឡា​​ ត្រូវ​ដាក់​ឱ្យ​​លេង​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រកួត​ថ្នាក់​ពិភព​លោក​របស់​ហ្គេម​អូឡាំពិក​អន្តរជាតិ​ នោះ​ទេ»​។

លោក​បានបន្ថែម​ថា៖​« IOC មាន​សមាជិក​ចំនួន​ ២០៥ ​ប្រទេស​ ហើយ​ក្នុង​កិច្ច​ប្រជុំ សម្រេច​ទទួល​ស្គាល់​កីឡា​ Muaythai ​និង IFMA ​ព្រម​ទាំង​ប្រភេទ​កីឡា​ជា​ច្រើន​ទៀត​នោះ​ គឺ​ធ្វើ​ឡើង​ក្នុង​រង្វង់​តែ​គណៈ​កម្មាធិការ​ប្រ​តិបត្តិ ​ដែល​មាន​សមាជិក​​ត្រឹម ​១០៥ ​ប្រទេស ​ខណៈ​​ ១០០ ប្រទេស​ទៀត​ ក្នុង​នោះ​មាន​ NOCC ​របស់​យើង​ដែរ ​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​ប្រជុំ​ ​បោះ​ឆ្នោត​ទេ»​។​

បើទោះបីជា IOC ប្រកាស​ទទួលស្គាល់ Muay Thai ក្នុង​កម្រិត​ត្រឹម​ជា​ប្រភេទ​កីឡា​ កំពុង​មាន​ប្រ​ជា​ប្រិយ ​មាន​ចលនា​សកម្ម ដែល​មិនទាន់មាន​សិទ្ធិជា​កីឡាអូឡាំពិកអន្តរជាតិ ពេញ​លេង ប៉ុន្តែ​ការ​ប្រកាស​នេះ វា​បាន​ក្លាយ​ជា​ជោគ​ជ័យ​ដ៏​ធំ​មួយ​រួច​ហើយ សម្រាប់​ថៃ ហើយប្រទេស​មួយនេះ នឹង​ព្យាយាម​កៀកគរ ការ​គាំ​ទ្រ​បន្ថែម​ទៀត ដើម្បី​អាច​ដាក់កីឡា Muay Thai ឱ្យមានការ​ប្រកួត នៅអូឡាំពិក នាពេល​អនាគត ដ៏​ខ្លី​ខាងមុខ​នេះ ខណៈ​ពេលនេះ Muay Thai មាន​ប្រទេស​ជាសមាជិក​រហូត​ដល់ ១៤៥ ឯណោះ។

ផ្ទុយ​ពីនេះ គុនខ្មែរ  របស់​កម្ពុជា ហាក់ដើរ​ទៅមុខ​មិនរួច​ទេ ពោល​គ្រាន់តែ​មាន​ចម្រូងចម្រាស និង​ភាព​មិន​ប្រក្រតី ដែលបានកើត​មាន​ឡើង​ជាង១០​ឆ្នាំ នៅ​​តាម​សង្វៀ​នប្រដាល់​ឯក​ជននោះ គឺ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ នៅមិន​ទាន់លុប​បំផុត​បាន​ផង ខណៈ​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏បាន​រិះ​គន់ ទៅ​លើចំណាត់​ការ​នេះ ហើយស្ថាប័ន NOCC និងក្រសួងអប់រំ យុវជន និងកីឡា ក៏បាន​ធ្វើការ​ព្រមាន ទៅដល់សហព័ន្ធនេះ ជុំ​វិញ ភាព​អសកម្ម លើ​ការ​លុបបំបាត់​ភាព​មិន​ប្រក្រតី ទៅលើ​លារ​បំពេញ​ការងារ​នៃ​ក្រុម​មន្រ្តី​បច្ចេក​ទេស​ របស់​ខ្លួន​នេះ​ផងដែរ៕