បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក បានបោះមួយជំហានទៀតឆ្ពោះទៅកាន់ការការពារពាន CONCACAF Gold Cup របស់ពួកគេកាលពីថ្ងៃសៅរ៍ (ព្រឹកថ្ងៃអាទិត្យនៅកម្ពុជា) តាមរយៈការស៊តបាល់បញ្ចូលទី៣គ្រាប់ក្នុងតង់ទី១ ដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុមជម្រើសជាតិហុងឌូរ៉ាស ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ។
ក្រុមម្ចាស់ការពារជើងឯកមួយនេះ បានយកឈ្នះយ៉ាងងាយលើក្រុមជម្រើសជាតិហុងឌូរ៉ាស ដែលបានបាត់បង់កីឡាករជាច្រើន ដោយសារតែបញ្ហារបួស និងវិធីសារសុវត្ថិភាពលើវីរុសកូវីដ ១៩។ ក្នុងការប្រកួតមួយគូផ្សេងទៀតនាថ្ងៃដដែលនោះ ខ្សែប្រយុទ្ធ Al Moez Ali បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែល កាតា បានក្លាយជាក្រុមដំបូងគេក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិអែលសាល់វ៉ាឌ័រក្នុងលទ្ធផល ៣-២។ កីឡាករ Abdelaziz Hatim ក៏បានស៊ុតបាល់បញ្ចូលទីផងដែរ សម្រាប់ក្រុមម្ចាស់ជើងឯកទ្វីបអាស៊ី ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនៅរដ្ឋ Arizona។
ដោយឡែក Joaquin Rivas បានស៊ុតបាល់បញ្ចូលទីទាំង២គ្រាប់សម្រាប់ក្រុមអែលសាល់វ៉ាឌ័រ ដែលបានបើកការវាយសម្រុកយ៉ាងខ្លាំងក្នុងតង់ទី២។ ជ័យជម្នះនេះ មានន័យថា កាតា នឹងត្រូវប៉ះអាមេរិក ឬហ្សាម៉ាអ៊ីក នៅវគ្គបន្ត ស្របពេលដែលម៉ិកស៊ិក ប៉ះកាណាដា ដែលបានផ្តួលកូស្តារីកា ក្នុងលទ្ធផល ២-០៕
ប្រភពព័ត៌មាន៖ Channel News Asia


