ខ្សែបម្រើ ជា វេសលី ដែលបានបាត់ស្មារតីមួយភាំង ក្រោយពេលក្បាលរបស់គេ បានប៉ះទង្គិចបុកទៅនឹងដី ក្នុងការប្រកួត កាលពីថ្ងៃអង្គារ រវាងក្រុមម្ចាស់ផ្ទះ បឹងកេត និងក្រុមនគរបាលជាតិ (ប៉ូលិស) នោះ ត្រូវបានសាមីខ្លួន ប្រាប់ថា ស្ថានភាពរបួសរបស់គេ ពេលនេះ បានធូរស្រាលហើយ។
សម្រាប់ការប្រកួត នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ កាលពីម្សិលមិញនោះ កីឡាករពាក់លេខ៨ ជា វេសលី ដែលបានព្យាយាមស្លាយយកបាល់ពីគូប្រកួតនោះ បានដួល ហើយក្បាលរបស់គេ បានទៅបុកនឹងដីមួយទំហឹង បណ្តាលឱ្យ វេសលី បាត់ស្មារតីមួយភាំង ហើយភ្លាមនោះ កីឡាករ ម៉ាត់ យ៉ាមីន របស់ក្រុមប៉ូលីស បានរត់ទៅពីចម្ងាយ ដើម្បីសង្រ្គោះបឋម ដោយចាប់ទាញមាត់ វេសលី កុំឱ្យមានការខាំអណ្តាតខ្លួនឯង។
ចំណែកកីឡាករមួយចំនួនទៀត ក៏បានជួយសម្រួលចលនាដល់ ជា វេសលី ផងដែរ មុនពេលក្រុមគ្រូពេទ្យ ប្រចាំក្លិបបឹងកេត បានសម្រេចនាំយក ជា វេសលី ទៅកាន់មន្ទីរពេទ្យ ដើម្បីតាមដានស្ថានភាពសុខភាព ព្រោះការប៉ះទង្គិចក្បាលនេះ មានសភាពធ្ងន់ធ្ងរ គួរឱ្យបារម្ភ។
គ្រប់គ្នា នៅក្លិបបឹងកេត ព្រមទាំងអ្នកគាំទ្រមួយចំនួនធំ សុទ្ធតែបានសម្តែងការព្រួយបារម្ភ ទៅនឹងស្ថានភាពរបួសរបស់ ជា វេសលី និងបានជូនពរឱ្យកីឡាករ ដែលមានចរិតស្លូតបូតរូបនេះ ឆាប់បានជាសះស្បើយ ដើម្បីអាចវិលមកកាន់ទីលានប្រកួតជាថ្មី ខណៈការប្រកួតកាលពីថ្ងៃអង្គារនោះ ក្រុមបឹងកេត បានយកឈ្នះក្រុមប៉ូលិស ២-០។
យ៉ាងណាក៏ដោយ ជាមួយនឹងក្តីបារម្ភរបស់អ្នកគ្រាប់គ្នានេះ ជា វេសលី កាលពីយប់ម្សិលមិញនេះ បានសរសេរបង្ហោះនៅលើហ្វេសប៊ុក ជុំវិញស្ថានភាពរបស់ខ្លួនថា៖ «សូមអរគុណដល់ថ្នាក់ដឹងនាំក្លឹបបងស្រីប្រធានដែលបារម្មណ៍ពី សុខទក្ខរបស់ខ្ញុំបាទក៏ដូចជាក្រុមគ្រូពេទ្យប្រចាំក្លឹប ក្រុមការងារគ្រូបង្វឹក មិត្តរួមក្រុមទាំងអស់គ្នា មិត្តភក្ក បងប្អូនអ្នកគាំទ្រទាំងអស់ ដែលបានបារម្មណ៍សួរសុខទុក្ខដល់ខ្ញុំបាទ ស្ថានភាពខ្ញុំពេលនេះបានធូស្រាលហើយ»។
ជាមួយគ្នានេះ ក្លិបបឹងកេត ក៏បានយកសារ ដែលត្រូវបាន ជា វេសលី បានបង្ហោះ ដើម្បីមកបង្ហោះបន្ត ដើម្បីឱ្យអ្នកគាំទ្ររបស់ខ្លួនបានដឹងពីស្ថានភាព និងបញ្ហារបួសរបស់ វេសលី ផងដែរ ហើយបានសរសេរថា៖ «ស្ថានភាពរបស់ វេសលី ល្អប្រសើរវិញហើយ អរគុណដល់អ្នកគាំទ្រទាំងអស់ ដែលព្រួយបារម្ភ និងជូនពរដល់គាត់»៕




