បរទេស៖ ក្រុម​ម្ចាស់ការ​ពារ​តំណែង​ជើង​ឯកម៉ិក​ស៊ិក និង​ក្រុម​ម្ចាស់​ផ្ទះ សហរដ្ឋ​អាមេរិក នឹង​ព្យា​យាមប្រជែង​យកកៅអី​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ Gold Cup តាមរយៈ​ការ​ដណ្តើម​ឲ្យ​បាន​ជ័យ​ជម្នះ​រៀង​ៗខ្លួន​កាលពីថ្ងៃព្រហស្បតិ៍ (ត្រូវ​នឹង​ព្រឹក​ថ្ងៃ​សុក្រ នៅកម្ពុជា)​។ ក្រុម​បាល់ទាត់ជម្រើស​ជាតិ​ម៉ិក​ស៊ិក នឹង​ត្រូវ​ប៉ះ​ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​កា​ណា​ដា ក្នុង​ទីក្រុង Houston ក្នុង​ការ​ប្រកួត​​វគ្គ​ពាក់កណ្តាលផ្តាច់​ព្រ័ត្រ​គូ​ទី​១ ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ជើង រយៈពេល​២​ឆ្នាំ​ម្តង​មួយនេះ ស្រប​ពេល​ដែល​អាមេរិក នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម​ម្ចាស់​ជើង​ឯក​អាស៊ី កាតា ក្នុង​ទីក្រុង Austin ក្នុង​ការ​ប្រកួត​គូ​ទី២​។

ក្រុម​ដែល​ទទួល​ជ័យ​ជម្នះ នឹង​ត្រូវ​ប៉ះ​គ្នា​​នៅ​ថ្ងៃ​អាទិត្យ ក្នុង​ទីក្រុង Las Vegas ក្នុងការ​ប្រកួតកាត់សេចក្តីនៃ​ព្រឹត្តិការណ៍​​ប្រចាំ​តំបន់​លើក​ទី​១របស់សហព័ន្ធ​​កីឡា​បាល់ទាត់​អាមេរិក​ខាង​ជើង កណ្តាល និង​កា​រ៉ា​អ៊ីប (CONCACAF) មួយ​នេះ​។ ក្រុម​ម្ចាស់​ជើង​ឯក​៨​សម័យកាល​ ម៉ិក​ស៊ិក បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​អាមេរិក ក្នុងលទ្ធផល ១-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ កាលពីឆ្នាំ​២០១៩​។ ក្រុម​ទាំង​២ បាន​ជួប​គ្នា​ក្នុង​ព្រឹត្តិ​ការណ៍ Gold Cup វគ្គ​ផ្តាច់​ព្រ័ត្រ​ចំនួន​៦លើក ខណៈ​ដែល​ម៉ិក​ស៊ិក បាន​ទទួល​ជ័យ​ជម្នះ​ទាំង​៦​លើក ប៉ុន្តែ ក្នុងការ​ជួប​គ្នា​ក្នុងឆ្នាំ​២០០៧ ក្រុម​ម្ចាស់​ជើង​ឯក​៦​សម័យ​កាល អាមេរិក បាន​ទទួ​ល​ជ័យ​ជម្នះ​ក្នុងលទ្ធផល ២-១​។ ខ្សែ​ប្រយុទ្ធ Almoez Ali របស់​កាតា គឺ​ជា​អ្នក​រក​បាន​គ្រាប់បាល់ច្រើន​ជាង​គេ​ប្រចាំ​យុទ្ធនាការ តាមរយៈ​ការរក​បាន​៤​គ្រាប់ ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Daryl Dike គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​របស់​មេរិក តាមរយៈ​ការរក​បាន​២​គ្រាប់​។

លោក Gregg Berhalter គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិអាមេរិក បាន​ឲ្យ​ដឹងថា៖​ «ពិត​ណាស់ វា​នឹងក្លាយ​ជា​ការ​ប្រកួត​ដ៏លំបាក​។ កាតា បាន​ស្ថិតក្នុង​កម្រិត​លេង​យ៉ាងល្អ​ក្នុង​យុទ្ធនា​ការ​នេះ​។ ពួក​គេ​ស្ថិត​ក្នុង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​រួចជាស្រេច​​។ យើង​មិនអាចមើល​ស្រាល​ពួក​គេ​បាន​ឡើយ​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia